ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២នេះ ក្នុងសាលាខណ្ឌកំបូល មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌក្រោមអធិបតីភាពលោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល តំណាងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌកំបូល
លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១២ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌកំបូលបានឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំមានចំនួន៧ចំណុចគឺ៖ ១-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
២-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌកំបូល។
៣-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)។
៤-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ(២០២៣-២០២៥)។
៥-សេចក្តីព្រាងផែនការស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២២ ។
៦-ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌកំបូលប្រចាំខែមិថុនា ឆ្នាំ២០២២។
៧-បញ្ហាផ្សេងៗ៕
ដោយ៖ ចន្ទ លីហ្សា