ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បន្តនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ 

សម័យប្រជុំពេញអង្គរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៥ នៅក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានលើកយកមកពិភាក្សានិងអនុម័ត។ បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចអំពីសុពលភាពនៃអាណត្តិ លោក ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាពរួចមក អង្គសភាបានធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទំាង៤ រួមមាន៖

 ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ 

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ 

– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។

 – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ 

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។ 

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បានតាក់តែង ឡើងក្នុងគោលបំណងសំខាន់ដល់ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្ម ចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរប្រព្រឹត្តទៅដោយរលួននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងធានាការពារនិងថែរក្សានូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្លាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖