ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, ថ្ងៃនេះ ជាខួប៥ឆ្នាំ«២៩ កក្កដា ២០១៧-២៩ កក្កដា ២០២២» ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ«សម្តេចពិជ័យសេនា»ដល់រូបខ្ញុំ ដើម្បីបំរើជាតិ មាតុភូមិ។
សូមបញ្ជាក់ថា, ព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
– បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
– បានទ្រង់យល់ឯកឧត្តម ទៀ បាញ់ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួម ជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាង ប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
– បានទ្រង់យល់ ឯកឧត្តម ទៀ បាញ់ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មាន ស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
ប្រោសព្រះរាជទានគោរមងារ ឯកឧត្តម ទៀ បាញ់ ជា សម្ដេចពិជ័យសេនា ទៀ បាញ់ ៕
ដោយ ៖ សិលា