ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចស្រុកលើកដែកក្របួចជាប់ករណីលួច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី៣នាក់ជាមុខសញ្ញាលួចយ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកក្របួចជាប់ពីបទលួច។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១និង១០នាទី នៅចំណុចផ្សារអ្នកលឿងត្រើយខាងលិច ក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ 

   មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះមាន០១នាក់ឈ្មោះ សុខ មុំ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់មាន ១-ឈ្មោះ គង់ ទីណាង  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ គង់ ស្រីល័ក្ខ (សង ស្រីអូន) ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ នៅ វិត (ស្វា) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាសេក ឃុំព្រែកតាសេក ស្រុកមុខកំពូលខេត្តកណ្តាល។ ៤-កុមារាសង្ស័យឈ្មោះជាតិ ហុង អាយុ(មិនដឹង) មុខរបរសិស្ស(មិនពិតប្រាកដ)មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  កុមារាសង្ស័យទី៤នេះជាអនីតិជន ត្រូវបានលោកព្រះរាជអាជ្ញាអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅឋានវិញ។ 

   ចំពោះវត្ថុតាងចាប់យកមាន ១-ម៉ូតូចំនួន០២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JN-8244 ចំនួន០១គ្រឿងរបស់ជនសង្ស័យឈ្មោះនៅ វិត (ស្វា), ម៉ូតូម៉ាកScoopy ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JL-5343 ចំនួន០១គ្រឿងជារបស់ជនសង្ស័យឈ្មោះគង់ ទីណាង, ២- កាបូបស្ពាយម៉ាកCGពណ៌ខ្មៅរបស់ជនសង្ស័យចំនួន០១, កាបូបស្ពាយម៉ាកCHIBAOពណ៌ខ្មៅរបស់ជនរងគ្រោះ, ៤-លុយខ្មែរ៩២៤,៤០០រៀលរបស់ជនរងគ្រោះ, ៥-ទូរស័ព្ទចំនួន០២គ្រឿងគឺម៉ាកSamsungចំនួន១គ្រឿងនិងម៉ាកNokiaចំនួន១គ្រឿងរបស់ជនរងគ្រោះ។

    ប្រភពដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងលក់ផ្លែឈើនៅផ្សារអ្នកលឿងត្រើយខាងលិច ស្រាប់តែមានបុរសម្នាក់ចូលមកទិញផ្លែប្រទ្បុងកុង១គីទ្បូ ដោយឱ្យជនរងគ្រោះរើសឱ្យ ហើយបានប្រាប់ជនរងគ្រោះថាខ្លួនដួលម៉ូតូឈឺក្បាលជង្គង់ឱនរើសមិនបានទេ។ ពេលជនរងគ្រោះចុះពីលើគ្រែរើសផ្លែឈើឱ្យរួច បុរសនោះបានហុចលុយឱ្យជនរងគ្រោះចំនួន៧០០០រៀលដាក់ចូលកាបូប ហើយជនសង្ស័យនោះបានឱ្យជនរងគ្រោះរើសផ្លែគូលែន១គីទ្បូទៀត ពេលជនរងគ្រោះកំពុងរើសផ្លែគូលែន ស្រាប់តែមានអ្នកលក់នំបញ្ចុកក្រឡេកឃើញបក្សពួកជនសង្ស័យលួចយកកាបូបលុយរបស់ជនរងគ្រោះពីក្រោយហើយក៏ស្រែកឆោឡោថាមានចោរលួចកាបូបលុយអ្នកលក់ផ្លែឈើបាត់ហើយ។  ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់កំពុងតែល្បាតក៏បានដេញតាមម៉ូតូជនសង្ស័យពីក្រោយនិងបានរាយការណ៍ជូនលោកអធិការតាមវិទ្យុទាក់ទង។ពេលនោះកម្លំាងជំនាញនគរបាលយុត្តិធម៌បានចេញធ្វើអន្តរាគមន៍ដេញតាមពីក្រោយភ្លាមៗដែរ និងបានប្រទាក់ក្រឡាជាមួយកម្លាំងអធិការដ្ឋានស្រុកកៀនស្វាយជួយចេញពួនស្ទាក់។លុះមកដល់វេលាម៉ោង១១និង៤០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឃាត់ជនសង្ស័យចំនួន០៣នាក់និងកុមារាសង្ស័យ០១នាក់នៅលើផ្លូវជាតិលេខ១ស្ថិតនៅមុខខ្លោងទ្វារចូលវត្តអង្គរជ័យក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល និងបានបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ។ បន្ទាប់មកកម្លាំងនគរបាលស្រុកលើកដែកបានទៅទទួលជនសង្ស័យនិងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវីធី៕ 

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖