ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបង្ហាញនូវការគោរពដឹងគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយថារាល់កម្លាំងកាយចិត្តរបស់សម្ដេចតេជោគឺសម្ដេចតែងតែគិតយកប្រយោជន៍ជាតិ ប្រជាជនជាធំ។
ក្នុងលិខិតសារលិខិតជូនពរក្នុងពិធីចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធដឹកនាំជាតិមាតុភូមិកម្ពុជាឱ្យទទួលបានសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុព្វបទដ៏សំខាន់សម្រាប់ការកែទម្រង់ រដ្ឋដ៏មុតស្រួចលើគ្រប់វិស័យ ដែលធានាបាននូវការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការការពារ និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព យុត្តិធម៌សង្គម នីតិរដ្ឋ ព្រមទាំងជីវភាពរស់នៅសមរម្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូរជូនប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកក៏បានកត់សម្គាល់ជាមួយជោគជ័យរបស់កម្ពុជាថ្មីៗក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលមានដូចជាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ បើកសេដ្ឋកិច្ចសង្គម និងរៀបចំពិធីធំៗនានាឡើងវិញ ជាពិសេសកម្ពុជាបានក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២នេះទៀតផង។
លោកក៏បានគាំទ្រនូវការអំពាវនាវរបស់សម្ដេចដល់ជនរួមជាតិចូលរួមចំណែកក្នុងការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅលើទឹកដីកម្ពុជានៅត្រឹមឆ្នាំ២០២៥។
លោកថា៖ «ទាំងអស់នេះគឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងគួរជាទី មោទនៈបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាងនេះទៀត យើងខ្ញុំសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្តី សម្រេចបានស្នាដៃថ្មីៗជាប្រវត្តិសាស្ត្រច្រើនថែមទៀត ក្នុងការដឹកនាំអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលផ្តោតអាទិភាពលើការបន្តកសាងសមត្ថភាពធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ទឹក និងអគ្គិសនី ព្រមទាំងការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩»។
លោកក៏បានប្រកាសត្រៀមខ្លួនក្នុងស្មារតីទទួលខុសត្រូវប្រកបដោយឆន្ទៈ ម្ចាស់ការ ឧស្សាហ៍ព្យាយាម ភក្តីភាព និងសីលធម៌វិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់តេជោបន្តទៀតផងដែរ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ បន្ទាប់ពីទទួលបានពាក្យស្នើសុំពីមេធាវីតំណាងសម្ដេចតេជោ លោក គី តិច។ តុលាការបានបញ្ជាដល់មន្ត្រីអត្ត្រានុកូលដ្ឋាន ព្រមទាំងអាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវ គល់បញ្ជីសំបុត្រកំណើត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនជនរួមជាតិថាការស្នើសុំតុលាការឱ្យសម្រេចលើការផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥២ មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញគឺដើម្បីបញ្ជៀសនូវការភ័ន្តច្រលំដោយសារកន្លងទៅមានការជូនពរថ្ងៃកំណើតរបស់សម្ដេច ១ឆ្នាំដល់ទៅ ២ដង គឺនៅក្នុងខែមេសាម្ដង និងក្នុងខែសីហាម្ដងទៀត។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិចុះថ្ងៃពុធ ទី២២ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមូលហេតុដែលសម្ដេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពិតទៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១នោះគឺដាក់តាមថ្ងៃដែលសម្ដេចចូលព្រៃម៉ាគីតាមការអំពាវនាវរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០។
សម្ដេចតេជោបញ្ជាក់ថា៖ «ក្នុងសម័យកាលសង្គ្រាមនោះ ទូលព្រះបង្គមជាខ្ញុំបានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំ បានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្ដង គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក»។
សម្ដេចតេជោថាការកែថ្ងៃខែឆ្នាំកំណើតមកថ្ងៃខែពិតប្រាកដវិញគឺដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃកំណើតរបស់សម្ដេច ដែលមានដល់ទី២ដងក្នុងមួយឆ្នាំ៕
ដោយ ៖ សិលា