ខេត្តកំពង់ឆ្នាំង ៖ បទល្មើសនេសាទត្រីខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់បើទោះបីជាកន្លងមកសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ។
ទន្ទឹមនឹងបទល្មើសនេសាទកើតមានជាបន្តបន្ទាប់យ៉ាងដូច្នេះទើបនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកកំពង់លែង បានសហការជាមួយកម្លាំងចម្រុះសរុបចំនួន ២២នាក់ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ មួយករណី នៅចំណុចឃុំកំពង់ហៅ ផ្លូវទូក និងសំរោងសែន។
មន្ត្រីនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះជាលទ្ធផល កម្លាំងចម្រុះបាន រុះរើរបាំងស្បៃសាច់អួន បានចំនួន ០៨កន្លែង ប្រវែង២៥៩០ម៉ែត្រ
-លបលូសាច់អួនចំនួន២៤គ្រឿង
-បង្គោលចំនួន ៣៣៥ដើម
-លែងកូនត្រីចម្រុះចំនួន ៩៥គីឡូក្រាម។
ប្រភពដដែលបានឲ្យដឹងទៀតថាចំពោះឧបករណ៍នេសាទត្រីខុសច្បាប់ដែលសមត្ថកិច្ចចម្រុះរឹបអូសបានទាំងនេះត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងដើម្បីជាការព្រមានដល់ជនខិលខូចលួចនេសាទត្រីក្នុងរដូវហាមឃាត់៕
ដោយ ៖ ប្រាថ្នា