ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក៥នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ខណៈដែលរថយន្តដឹកកម្មកររោងចក្រ៣គ្រឿងបើកបុកគ្នា។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ស្ថិតនៅចំណុចភូមិស្រែខ្ញែ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២AD-៤៦៩៥បើកបរដោយឈ្មោះ ផន ភាស់ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិត្រពាំងរបង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកកម្មករកម្មការិនីរោងចក្រវ៉េនធូរ៉ា និងរោងចក្រមីន ហ្វៃ នៅភូមិស្រែតាគួនចំនួន៤៧នាក់បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរបានជាន់ហ្រ្វ័ងបន្ថយល្បឿនព្រោះផ្លូវមានជង្ហុក ច្រើន ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកHyundai Mighty ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆក ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតដឹកកម្មករកម្មការិនីរោងចក្រ វ៉េនធូរ៉ា និងរោងចក្រមីន ហ្វៃ នៅភូមិស្រែតាគួនចំនួន៤៥នាក់ បើកបរស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុករថយន្តនោះពីក្រោយ រួចក៏យកចង្កូតមកឆ្វេងជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតដែលបើកបរបញ្ច្រាសទិសគ្នាម៉ាកHyundaiពណ៌ស ពាក់ស្លាកលេខព្រះសីហនុ៣A-៧២៨៥បើកបរដោយឈ្មោះ ហេត ផេន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាមតែម្តង ។
នគរបាលបានឱ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះគឺបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ក្រោយកើតហេតុ មន្ត្រីជំនាញបានហៅរថយន្តដឹកអ្នករងរបួសធ្ងន់និងស្រាលយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែកសពជនរងគ្រោះផ្នែកជំនាញបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯវត្ថុតាងរថយន្តទាំងបីគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា