ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកដែលបម្រើការងារជាមួយគ្នា ហើយក៏បានរាយការណ៍ទៅសន្តិសុខឱ្យប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះជីវិតតែជាអកុសលយឹតពេលទៅហើយ ខណៈ ដែលបុរសជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់ដេកស្លាប់ដែលគេសង្ស័យថាអាចបណ្តាលមកពីខ្យល់គរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ VO MANH LUAN អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូទីក្រុងហេងហេង កាន់លិខិតឆ្លងដែនលេខ: C9312713 បច្ចុប្បន្នស្នាក់នៅអគារ១៨ បន្ទប់លេខ៥១៦ ជាន់ទី៥ ក្នុងបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្មហឹងហ័រ (ទីក្រុងហេងហេង) ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត មានករណីមនុស្សស្លាប់ទើបសមត្ថកិច្ចជំនាញខាងពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត,កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងលោកវេជ្ជបណ្ឌិត ទុំ បូរី គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលពីលោកឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើខ្លួនសាកសព ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ)ប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្បញ្ជូនតាមរថយន្តយកទៅប្រគល់ជូននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្រ្ត រក្សាទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីបន្តតាមច្បាប់៕
ដោយ៖យឹម សុថាន