ព័ត៌មានទាន់ហេតុការណ៍៖

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់ នាយប់ថ្ងៃទី២ខែសីហា

ចែករំលែក៖

កោះតៃវ៉ាន់បានប្រកាសថា បានឃើញយន្តហោះចិនចំនួន២១គ្រឿងហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់ ។

នៅយប់ថ្ងៃទី២ខែសីហា ចិនបានធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ការធ្វើសមយុទ្ធនោះមានយុទ្ធសាស្ត្រពីរគឺបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ និងសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ធម្មតា ដោយមានគោលដៅវាយប្រហារនៅភាគខាងកើតកោះតៃវ៉ាន់។
នៅព្រឹកថ្ងៃទី៣ខែសីហា កម្លាំងការពារដែនអាកាសកោះតៃវ៉ាន់បានឱ្យដឹងថា យន្តហោះចម្បំាង ២១គ្រឿងដែលកោះតៃវ៉ាន់បានឃើញនោះ មាន៨គ្រឿងប្រភេទJ-11 និង១០គ្រឿងទៀតប្រភេទ J-16 រួមទាំងយន្តហោះប្រកាសអាសន្ន KJ-500 AEW & C និងយន្តហោះស៊ើបការណ៍ Y-8 ELINT។
សកម្មភាពធ្វើសមយុទ្ធកើតឡើង ក្នុងពេលដែលប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរទៅដល់សភាតៃវ៉ាន់ហើយនៅថ្ងៃពុធនេះ ដែលជាការចាប់ផ្ដើមបំពេញ ទស្សនកិច្ចដ៏ចម្រូងចម្រាស និងជួបពិភាក្សាការងារជាមួយសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់។
ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ លោកស្រី ប៉េឡូស៊ី បានបញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់។ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។ លោកស្រី ប៉េឡូស៊ី ដំបូងឡើយគ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានសភាតៃវ៉ាន់ លោក យូ ស៊ី គុន (You Si-Kun) តែដោយសារលោក យូ ឆ្លងកូវីដ ទើបលោកស្រីត្រូវទទួលស្វាគមន៍ដោយអនុប្រធានសភាតៃវ៉ាន់ លោក ត្សៃ ឈីចាង (Tsai Chi-Chang)។
លោកស្រី ប៉េឡូស៊ី ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ព្រមទាំងសកម្មជនប្រជាធិបតេយ្យហុងកុង និងតៃវ៉ាន់ផងដែរនៅថ្ងៃពុធនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​/EPA


ចែករំលែក៖