ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ​២នាក់​ ក្នុងចំណោមបក្ខពួក៣​នាក់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ​៖ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹក ទី៣​ ខែសីហា​​ ឆ្នាំ​២០២២ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកនួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានបេីកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ យោងតាមបណ្តឹងរបស់ជនរងគ្រោះ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុច​ទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកនួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានបន្តថា​  ក្រោយពីទទួលបានពាក្យបណ្តឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់​ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង​ ម៉ាកហុងដា​ឃ្លិក​ ដែលជិះធ្វើសកម្មភាព និងកាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់ចំនួន៩,២០០បាត (របស់ជនរងគ្រោះ) ។ជនសង្ស័យ​ទី១-ឈ្មោះ​ ហេង ប៊ុនធាន (ហៅថាច់) ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ។​

បើតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង២នាក់​បានឱ្យដឹងថា​ ពួកគេមានគ្នាចំនួន៣នាក់​ហើយបានធ្វេីសកម្មភាព​ជិះម៉ូតូឆក់កាបូប​លុយពីជនរងគ្រោះពិតប្រាកដមែន ។ 

 ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងផងនោះទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា​ មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

 ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធីបន្តទៀត រីឯវត្ថុតាង កាបូប​ និងលុយទាំងអស់​ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដេីមវិញហើយដែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖