ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ចំនួន១០៦រូប ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃពុធទី០៣ ដល់ថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយនូវ៖ ការពង្រឹង និងពង្រីកចំណេះដឹងផ្នែកច្បាប់, ការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវប្រសិទ្ធភាពនៃការស៊ើបអង្កេតបទល្មើស, ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់,មូលដ្ឋាននៃកិច្ចសហការក្នុងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, ការពង្រឹងបន្ថែមទៀតនូវសមត្ថភាពក្នុងការស្រាវជ្រាវបទល្មើសពុករលួយ ប្រមូលភស្តុតាង និងនីតិវិធីក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបំពេញកិច្ចនីតិវិធីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ដើម្បីក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលខាងមុខ។
វគ្គបណ្ដុះបណ្ដាលនេះទទួលបានការធ្វើបទឧទ្ទេសនាមដោយ៖
– លោក ឃាង សេង អនុប្រធាន អ.ប.ព.
– លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– លោក យន់ ណារ៉ុង អនុប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– លោក អុឹម ឧត្តម ឧបការី នៃ អ.ប.ព.
– លោក ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព.
– លោក នួន សុធិមន្ត ឧបការី នៃ អ.ប.ព.
– លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌
– លោក ងួន រតនា ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
– លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោសនៃក្រសួងយុត្តិធម៌
– លោក លាត ឡាយ មន្ត្រីនៃនាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន នៃក្រសួងយុត្តិធម៌៕
ដោយ៖ស តារា