ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតស្នងការរងខេត្តកំពង់ឆ្នាំងដាក់ពន្ធនាគារ៤ឆ្នាំ, រឹបអូសទ្រព្យសម្បត្តិជាង៥០ម៉ឺនដុល្លារ និងពិន័យចូលរដ្ឋ៥០លានរៀល ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកនៅតំបន់ហាមឃាត់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះលោក លី សុខា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសំណុំរឿងលោក ស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង ដោយសម្រេចដាក់ពន្ធនាគារកំណត់ចំនួន៤ឆ្នាំ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិចំនួន ៥០៩,៩៨៨ដុល្លារ និងពិន័យជាប្រាក់ចំនួន៥០លានរៀលចូលថវិការដ្ឋពាក់ព័ន្ធនឹងបទល្មើសបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបទសម្អាតប្រាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។
សូមរម្លឹកថា ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨៨នៃច្បាប់ស្តីពីជលផល និងមាត្រា៣២, មាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ថ្មី, មាត្រា២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អតីតឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសួរនាំនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកនៅតំបន់៣ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់នៃការកាប់ទន្ទ្រានព្រៃលិចទឹក។
សូមបញ្ជាក់ផងដែរថា ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលរបាយការណ៍ពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជុំវិញបទល្មើសកាប់ទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបអស់រាប់ម៉ឺនហិកតា ដូចជាខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង ,ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ។ សម្តេចបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ មាននគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ គណៈបញ្ជាការឯកភាពខេត្ត លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសខាងលើនេះរហូតឈានដល់ចាប់ខ្លួនជនដែលបានប្រព្រឹត្តយកមកផ្ដន្ទាទោស និងយកដីព្រៃលិចទឹកមួយចំនួនធំទុកជាសម្បត្តិរបស់រដ្ឋវិញ ក៏ដូចជាមានការដាំដុះសាជាថ្មីនៅដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប៕
ដោយ ៖ រ៉ារ៉ា