ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់បើកបុកម៉ូតូនិងកិនសិស្សសាលានៃវិទ្យាល័យព្រែកកំពិស ស្លាប់២នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តនីស្សាន់ដឹកខ្សាច់ បានបើកបុកម៉ូតូនិងកិនសិស្សសាលានៃវិទ្យាល័យព្រែកកំពិសស្លាប់០២នាក់យ៉ាងអាណោចអាធ័មបំផុត ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឃាត់បានទាំងតៃកុងនិងរថយន្តបង្កហេតុប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

      សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូរងគ្រោះម៉ាកហុងដា ធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយឈ្មោះ សុភ័ក្រ វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)  និងអ្នករួមដំណើរមានឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ) ។ ដោយឡែកភាគីរថយន្តបង្កហេតុម៉ាក NISSAN DESELL ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-0234 បើកបរដោយឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស) ។

      តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុគេឃើញជនរងគ្រោះជាសិស្សវិទ្យាល័យព្រែកកំពិស បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តនីស្សាន់ខាងលើដែលបើកបរក្នុងល្បឿនលឿនហើយស្របទិសគ្នាមកបុកម៉ូតូពីក្រោយបណ្ដាលឱ្យដួលរួចកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូនៅជាប់ក្រោមកង់រថយន្តអូសប្រហែល៥០ម៉ែត្រទើបតៃកុងឈប់រថយន្តបម្រុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្កហេតុនិងម៉ូតូព្រមទាំងតៃកុងរថយន្តទៅរក្សាទុក និងសាកសួរ ដើម្បីអនុវត្តតាមនីតិវិធី ។

ចំណែកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖