ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ដ តូយូ៉តា ព្រូសមួយគ្រឿងគេចពីម៉ូតូដែលបើកកាត់ពីមុខក៏រេចង្កូតបុកចូលកន្លែងបញ្ញើអីវ៉ាន់របស់ក្រុមហ៊ុនកាពីតូល បណ្ដាលឱ្យអីវ៉ាន់ភ្ញៀវ និងសម្ភារមួយចំនួនរងការខូចខាត កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសម្ដីបុរសម្នាក់ជាអ្នកបើករថយន្តបង្កហេតុម៉ាក តូយូ៉តា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3731បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តតាមបណ្ដោយផ្លូវលេខ១៩៩ ពីជើងទៅត្បូងក្នុងល្បឿនលឿនល្មមទេ ខណៈមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះឆ្លងកាត់ទទឹងផ្លូវពីមុខរថយន្តធ្វើឱ្យរូបគាត់កាច់ចង្កូតរថយន្តឡើងលើខឿនផ្លូវទៅបុកចូលកន្លែងបញ្ញើអីវ៉ាន់របស់ក្រុមហ៊ុនកាពីតូលបណ្ដាលឱ្យអីវ៉ាន់របស់ភ្ញៀវ និងសម្ភារមួយចំនួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យឃើញថា រថយន្តបង្កខាងលើមិនបានធ្វើឱ្យខូចខាតដល់សម្បត្តិរដ្ឋ ទើបឱ្យភាគីរថយន្តបង្កហេតុដោះស្រាយជាមួយភាគីរងគ្រោះក្រុមហ៊ុនកាពីតូល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕
ដោយ ៖ ភារ៉ា ដង្កោ