ភ្នំពេញ ៖ បន្ទាប់ពីស្មុគស្មាញលើសំណុំរឿងភូមាប៉ុន្មានថ្ងៃ កម្ពុជាបានឆ្លងផុតកងព័ន្ធទី១ហើយនៅថ្ងៃនេះដោយអាចសម្រេចបាននូវការចេញផ្សាយសេចក្តីថ្លែងការណ៍រួម (Joint Communique) ដោយពុំមានការជំទាស់អ្វីទៀតឡើយ។ ប៉ុន្តែនៅសល់សំណុំរឿង២ទៀតនៅព្រឹកនេះដែលចាប់ផ្តើមឡើងពពុះគ្រាន់តែផ្តើមនិយាយគ្នាបានបន្តិច នោះគឺរឿងអ៊ុយក្រែននិងតៃវ៉ាន់…
រូបខាងក្រោមជាការសន្ទនារវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Park Jin មុនកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្រ្តីអាស៊ីបូព៌ាចាប់ផ្តើម។ រីឯរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi អង្គុយយកដៃច្រត់ចង្កា។
សូមបញ្ជាក់ថា, លោក ពុយ គា អ្នកឆ្លើយឆ្លងកាសែត ឃ្យូដូ នាមតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត ! ករណីខ្លះបង្ហោះជាសារថា, រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី លុបចោលជំនួបទ្វេរភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក យ៉ាស៉ី យ៉ូស៉ីម៉ាសា ដែលគ្រោងធ្វើនៅភ្នំពេញល្ងាចនេះ។ មូលហេតុខឹងជប៉ុនរួមដៃជាមួយអាម៉េរិកក្នុងការចេញសេចក្តីថ្លែងការណ៍រួមរបស់G7 ប្រឆាំងចិន។
រឿងនៅតៃវ៉ាន់រាលមកដល់ភ្នំពេញ
ភាពតានតឹងនៅតៃវ៉ាន់ចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះអាស៊ាន មើលមួយភ្លែតដូចរឿង “ឆ្មារនិងកណ្តុរ” (Tom and Jerry)។ រដ្ឋមន្រ្តីការបរទេសចិនដែលបានមកដល់កម្ពុជាមុនអាម៉េរិក ហើយបានជួបដៃគូរអាស៊ានព្រឹកមិញ បានកៀរគរអាស៊ានឱ្យគាំទ្រខ្លួនតាមរយៈការប្រកាសជាថ្មីគាំ្រទនយោបាយចិនតែមួយ រីឯអាម៉េរិកដែលគ្រោងជួបអាស៊ានល្ងាចនេះ បានកៀរគរប្រទេស G7 ពីចម្ងាយដែលរួមមាន៖ U.S., Canada, France, UK, Germany, Italy និង Japan ព្រួតគ្នាវាយចិនវិញដោយចោទចិនថាបានបង្កសកម្មភាពគំរាមកំហែងដែលពុំចាំបាច់នៅច្រកសមុទ្រតៃវ៉ាន់។ ថ្ងៃស្អែកអាចជាវេទិការក្តៅលើរឿងនេះនៅពេលគេជួបគ្នានៅសណ្ឋាគារសុខា ក្រុងភ្នំពេញ៕
ដោយ ៖ សហការី