ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងទីម័រខាងកើត ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ 🇰🇭🇹🇱

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្ពុជា និង ទីម័រខាងកើត ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ

ក្រសួងការបរទេស បានបញ្ជាក់ថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Adaljiza Xavier. Reis Magno) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

លោកស្រីរដ្ឋមន្ត្រីការបរទេស អាដាល់ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានសម្តែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកស្រី ក៏ បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំខាងលើ ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីកាលបរិច្ឆេទសមស្រប និងការត្រៀមរៀបចំសម្រាប់ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតមកកាន់កម្ពុជា និងបានឯកភាពគ្នារៀបចំ ព្រឹត្តិការណ៍មួយចំនួនដើម្បីអបអរសាទរខួបលើកទី២០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងទ្វេភាគី តាមរយៈកិច្ចពិគ្រោះយោបល់ជាទៀងទាត់ និងការបញ្ចប់ឱ្យឆាប់នូវអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីដំណើរការដែលត្រូវអនុវត្តជាបន្ត បន្ទាប់ សម្រាប់ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ក៏ដូចជាការត្រៀមរៀបចំជាចាំបាច់ សម្រាប់ការក្លាយជាសមាជិកអាស៊ាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖