ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់ខុនដូ២៨ជាន់នៅជាប់សាលាខណ្ឌទួលគោកធ្លាក់ដែករន្ទាជាច្រើនដើម របួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ និងខូចខាតរថយន្ត៤គ្រឿង

ចែករំលែក៖

    ភ្នំពេញ ៖ ដែករន្ទាជាច្រើនដើមបានធ្លាក់រាយប៉ាយលើដងផ្លូវពីជាន់លើបំផុតនៃសំណង់អគារខុនដូមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក ដោយធ្លាក់ចំរថយន្ត៤គ្រឿង និងរបួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។ 

    សូមបញ្ជាក់ថា ការដ្ឋានសំណង់ខុនដូ នៅជាប់សាលាខណ្ឌទួលគោក រាជធានីភ្នំពេញនេះ បានបង្កបញ្ហាជាច្រើនលើកដល់អ្នកដទៃ ពិសេសម្ចាស់សំណង់នេះមានអំណាចខ្លាំងណាស់ ស្ទើរតែយកផ្លូវសាធារណៈមួយចំហៀងដើម្បីដាក់ដែក ថ្ម ខ្សាច់ ស្មើនឹងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរខណ្ឌទួលគោកតាំងពីសម័យលោក ឯក ឃុនដឿន រហូតមកដល់លោក ជា ពិសី មកកាន់ជាអភិបាលខណ្ឌទួលគោកក៏មិនមានវិធានការដែរដែលគេសង្ស័យថា ម្ចាស់សណង់អាចមានខ្សែក្រាស់ ឬជាប់ពាក់ព័ន្ធនឹងប្រយោជន៍ណាមួយ។ 

    ការដ្ឋានសំណង់ដ៏ធំនៅជាប់នឹងសាលាខណ្ឌទួលគោកនេះមិនត្រឹមតែយកផ្លូវសាធារណៈស្ទើរទាំងស្រុងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទេ តែអាចនឹងបង្កហានិភ័យខ្ពស់ដល់អ្នកដំណើរ ព្រោះការសាងសង់គ្មានរៀបចំស្តង់ដារហ៊ុមព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវនោះទេ! ខណៈហ៊ុមព័ទ្ធការដ្ឋានដែរ តែការលើកដែក ថ្ម ខ្សាច់មើលទៅច្រងេងច្រងាង ដែកចេញមកចំកណ្តាលៗថ្នល់ នេះអាចចាត់ទុកជាហានិភ័យខ្ពង់ផងដែរដល់អ្នកដំណើរ ឬបុគ្គលិក កម្មករ ។

     ទីតាំងការដ្ឋានសំណង់អគារដ៏ធំមួយនេះស្ថិតនៅលើផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ជាប់នឹងសាលាខណ្ឌទួលគោក តែម្តង បានយកផ្លូវសាធារណៈជាងពាក់កណ្តាលធ្វើជាកន្លែងចាក់បេតុង បង្កផលលំបាកដល់អ្នកដំណើរ , ការហ៊ុមព័ទ្ធការដ្ឋានមិនត្រឹមត្រូវតាមលិខិតអនុញ្ញាត, យកផ្លូវសាធារណៈដាក់ថ្ម ខ្សាច់ ដែកគ្មានសណ្តាប់ធ្នាប់, ខ្សែរ៉តយោងសម្រាប់លើកដែក ថ្ម ខ្សាច់ ដាក់ចំពីលើផ្លូវសាធារណៈ អាចបង្កហានិភ័យខ្ពស់បំផុត កើតឡើងជាយថាហេតុ ប្រសិនបើជ្រុះធ្លាក់ដែក ថ្ម ឬដាច់ខ្សែរ៉តនេះជាដើម។

    បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា សំណង់នេះសង់កម្ពស់ ២៨ជាន់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែកន្លងទៅគ្រាន់តែការសាងសង់គឺយកផ្លូវសាធារណៈស្ទើរទាំងស្រុងសម្រាប់ជាទីតាំងដំណើរការរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈរួមរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមិនបានគិតគូរសោះ ។

     ប្រជាពលរដ្ឋបានលើកឡើងថា ការដ្ឋាននេះនៅមិនឆ្ងាយពីសាលាខណ្ឌទេ គឺជាប់សាលាខណ្ឌតែម្តង គួរណាស់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសលោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកមេត្តាជួយពិនិត្យរៀបចំសណ្តាប់ធ្នាប់ឱ្យបានត្រឹមត្រូវផង។

    សូមជម្រាបជូនថា កន្លងមកការដ្ឋានសាងសង់ដែលគ្មានការហ៊ុមព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវ ការយកផ្លូវសាធារណៈជាកន្លែងដាក់សម្ភារបម្រើឱ្យការងារសំណង់ គឺលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតែងបញ្ជាឱ្យផ្អាក ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាត។ ដោយឡែកសំណង់ខាងលើនេះ តើអភិបាលខណ្ឌទួលគោក លោក ជា ពិសី ដែលទើបមកកាន់តំណែងថ្មី មានវិធានការដែរឬមួយយ៉ាងណា ?

ពាក់ព័ន្ធករណីសំណង់ខាងលើយកផ្លូវសាធារណៈធ្វើជាកន្លែងដាក់ដែក ថ្ម ខ្សាច់ ដាក់ឡានចាក់បេតុង ដោយគ្មានសណ្តាប់ធ្នាប់នោះ កន្លងទៅលោក ភក្ត្រា ជាមេការសំណង់បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា លោកទទួលស្គាល់លើបញ្ហានេះមែន តែចំពោះការរៀបចំឱ្យបានល្អ ឬបញ្ចៀសការប៉ះពាល់ផ្លូវសាធារណៈ លោកអះអាងថា ចាំលោកសួរមេធំរបស់គាត់សិន ។

ករណីកើតហេតុធ្លាក់ដែកជាច្រើនកាលពីព្រឹកមិញនេះ ភ្លាមៗគេដឹកអ្នករបួសទៅមន្ទីរពេទ្យ យកឡានប៉ះពាល់ចេញភ្លាមៗ ដើម្បីបញ្ជៀសការដឹងដល់អ្នកសារព័ត៌មាននាំឱ្យផ្សាយឮដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹងតែបញ្ជាឱ្យបិទការដ្ឋានតែម្តង ៕

ដោយ ៖ សិលា


ចែករំលែក៖