ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាលើកីឡាករ Isco ដែលមិនមានតម្លៃខ្លួនលើកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមក្លិប La Liga មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យទី៧ ខែសីហា។
ក្លិប Sevilla បានបន្ថែមថា អតីតខ្សែបម្រើរបស់ក្លិបអធិរាជស Real Madrid នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះមុនពេលបញ្ចប់ការផ្ទេររបស់គាត់។
ខ្សែការពារសញ្ជាតិអេស្ប៉ាញ Isco នឹងក្លាយជាកីឡាករចុះហត្ថលេខានៅរដូវក្តៅទី៣របស់ក្លិប Sevilla បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ Alex Telles ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United កាលពីថ្ងៃព្រហស្បតិ៍ និងខ្សែការពារ Marcao ពីក្លិប Galatasarayកាលពីខែមុន។
ខ្សែបម្រើ Isco បានបញ្ជាក់ពីការចាកចេញរបស់គាត់ពី Real Madrid ក្នុងខែឧសភា បន្ទាប់ពីជោគជ័យរយៈពេល៩ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញ ដោយបានឈ្នះពានរង្វាន់ចំនួន១៩រួមទាំងពានរង្វាន់លីគចំនួន៣, ពានរង្វាន់ Champions League ចំនួន៥ និងពានរង្វាន់ Club World Cup ចំនួន៤។
កីឡាករវ័យ៣០ឆ្នាំរូបនេះដែលបានចំណាយពេល២រដូវកាលនៅ Malaga និងលេងឱ្យ Valencia បានបង្ហាញខ្លួនច្រើនជាង៣៥០ដង និងស៊ុតបញ្ចូលទីបាន៥៣គ្រាប់សម្រាប់ក្លិប Real Madrid ។
ទោះបីជាយ៉ាងណាក៏ដោយ Isco ត្រូវបានអ្នកចាត់ការទូទៅលោក Carlo Ancelotti ប្រើប្រាស់តិចតួចកាលពីរដូវកាលមុន ដោយលេងបានត្រឹមតែ១៧ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ខណៈដែលក្រុម Real Madrid បានឈ្នះពានលីគ La Liga និង Champions League ។
Isco ដែលជាប់ជម្រើសជាតិអេស្ប៉ាញបាន៣៨ដង បានធ្វើការជាមួយគ្រូបង្វឹក Sevilla លោក Julen Lopetegui ២ដងមុនជាមួយក្រុមជម្រើសជាតិក្នុងការកសាងឡើងដល់ World Cup ឆ្នាំ២០១៨ និងក្រោយឆ្នាំនោះកំឡុងពេលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមកដឹកនាំនៅ Real Madrid ។
គួរបញ្ជាក់ថា ក្រុម Sevilla ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងលីគកំពូលអេស្ប៉ាញ La Liga កាលពីរដូវកាលមុន នឹងចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី២០២២–២០២៣ ជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីក្រុម Osasuna នៅថ្ងៃសុក្រសប្តាហ៍នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)