ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា, ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ច ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា, ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលចូលព្រៃកាប់ឈើ បរបាញ់សត្វ ក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ពូជជ្រូកឦសាន, ជ្រូកគូលែន និងជ្រូកព្រៃ ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ចិញ្ចឹម។ ជាក់ស្តែងក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា «កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស» លើផ្ទៃដីជាង១ហិកតា នៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក លាង សេង ទីប្រឹក្សាអមក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះទស្សនកិច្ចនៅក្នុងកសិដ្ឋាន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ថា៖ «កសិដ្ឋាននេះ ទើបនឹងបង្កើតបានជិត៤ខែប៉ុណ្ណោះ ដែលលោករដ្ឋមន្ត្រី សាយ សំអាល់ មានគោលបំណងក្នុងការបង្កាត់ពូជ និងបង្រៀនពីបច្ចេកទេសចិញ្ចឹមជ្រូកគូលែន ដើម្បីពង្រីកមេពូជដល់សហគមន៍មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលមានបំណងចិញ្ចឹមសត្វ»។ លោកបានឱ្យដឹងថា សម្រាប់កសិដ្ឋាននេះ បច្ចុប្បន្ននេះ គឺមានមេពូជជ្រូក១០០ក្បាល ដោយក្នុងនោះមានជ្រូកញីចំនួន៩០ក្បាល និងជ្រូកឈ្មោលចំនួន១០ក្បាល សម្រាប់ប្រភេទជ្រូករួមមាន៖ មេពូជជ្រូកគូលែន ជ្រូកឦសាន នាំមកពីខេត្តមណ្ឌលគិរី និងមេពូជជ្រូកព្រៃ។
ពាក់ព័ន្ធទៅនឹងលក្ខណៈរបស់ពូជជ្រូកទាំង២ប្រភេទនេះ មន្ត្រីជំនាញរូបនេះរៀបរាបយ៉ាងដូច្នេះថា៖ «យើងឥតពិបាកចំណាំទេ គឺពូជជ្រូកឦសាន គេបានយកមកពីខេត្តមណ្ឌលគិរី។ ពូជជ្រូកនេះ មានរូបរាងលក្ខណៈពិសេសរបស់វា គឺពោះធំ ខ្នងកោង (ង) ជាប្រភេទជ្រូកមានកូនច្រើន និងសាច់ឆ្ងាញ់ពិសារណាស់។ ជ្រូកប្រភេទនេះវាបន្ស៉ាំជាមួយបរិយាកាស និងឈ្នះជំងឺ។ ចំណែកពូជជ្រូកភ្នំគូលែនវិញ គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតា មករាប់សិបតំណមកហើយ។ ពូជជ្រូកនេះ មានលក្ខណៈពណ៌ខ្មៅ។ ដោយមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ។ ពូជជ្រូកនេះសាយកូនច្រើន រស់នៅបន្ស៉ាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹម លក្ខណៈពាក់កណ្តាលព្រៃ និងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង»។
ក្រសួងបរិស្ថានបញ្ជាក់ថា, ទាក់ទិនទៅនឹងការបង្កាត់ពូជជ្រូកនេះវិញ ត្រូវបាន លោក លាង សេង ពន្យល់ថា គឺចិញ្ចឹមបែបលក្ខណៈពាក់កណ្តាលធម្មជាតិ ពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែក សៀង និងម្សៅទ្រីម៉ិច ដែលជាម្សៅបែបធម្មជាតិ សម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ី ពីព្រោះថាម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់។ ប្រភេទជ្រូកនេះត្រូវបានគេលែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ ក្រៅពីនេះ កសិដ្ឋានក៏មានការបង្ការជំងឺ និងធ្វើការព្យាបាលជំងឺ នៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ ក្រៅពីនេះខាងកសិដ្ឋានក៏ការពារនូវជំងឺសាហាវៗដូចជាជំងឺត្រចៀកខៀវ ជំងឺប៉េសជ្រូកអាហ្រ្វិក និងជំងឺអុតក្តាមជាដើម។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ពូជជ្រូកទាំងនេះ មានរសជាតិឆ្ងាញ់ពិសា។ វាជាប្រភេទជ្រូកកាត់ជ្រូកព្រៃ និងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយ ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានា បានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។ ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំងនឹងមនុស្ស។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិ លើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែមានឱជារស និងមានទីផ្សារ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនប្រជាពលរដ្ឋបង្កើតការងារ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
បើតាមលោក ហាប់ ឈៀវ សមាជិកសហគមន៍តំបន់ការពារព្រៃធំអន្លងធំ ដែលជាអ្នកទទួលខ្វៃជ្រូកផងនោះ បានឱ្យដឹងថា «ជ្រូកភ្នំគូលេន ឬជ្រូកគូលេន វាខុសនឹងជ្រូកចិញ្ចឹម ដោយសារជ្រូកចិញ្ចឹម ព្រោះជ្រូលចិញ្ចឹមមានខ្លាញ់ច្រើន ហើយជ្រូកភ្នំគូលេនវាអត់សូវមានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តពិសាវាខ្លាំង។ ជ្រូកនេះយើងអាចហៅថា ជាជ្រូកធម្មជាតិក៏បានដែរ ពលរដ្ឋគាត់ចិញ្ចឹមមិនប្រើថ្នាំនោះទេ គេព្រលែងវាចោលឱ្យស៊ីបាយ និងដើមចេក អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ»។
សូមជម្រាបថា កន្លងមកក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការ នៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាព ក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូនបងប្អូន ប្រជាសហគមន៍មូលដ្ឋាន ដៃគូរសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទះខ្ពស់ មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិក ជាមួយក្រសួងបរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។ ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី២៥៨ក្បាល, គោ ៤០២ក្បាល, គោបា ០៦ក្បាល, គោមេពូជ ៣០ក្បាល, ចៀម៥៤២ក្បាល ជ្រូក ៨០ក្បាល, ជ្រូកព្រៃ ១០០ក្បាល, បាចៀម ១ក្បាល និងពពែ ៣៨៣ក្បាល៕
ដោយ ៖ សហការី