ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

  នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធីសំខាន់ៗមួយចំនួនដូចជា៖

  ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) លោករដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk)​ ជាមួយ លោកអនុប្រធានព្រឹទ្ធសភា។

  ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE)

  ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD

  គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun

  ទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា៖ វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។

សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់របស់អាស៊ានប៉ុណ្ណោះទេ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែលដំណើរទស្សនកិច្ចរបស់អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិតជាទទួលកិត្តិយស ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់សភាប្រទេសសមាជិកអាយប៉ាទាំងមូល ក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីការប្រែក្លាយទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា អាស៊ាន និងអាយប៉ា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖