ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរសមិទ្ធផលសហគមន៍សំខាន់ៗនិងបិទបញ្ចប់កម្មវិធីតំបន់ស្ទោងរបស់អង្គការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា។
ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះ លោកព្រឹម រដ្ឋា បាន ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាទឹកជំនន់ ការត្រៀមលក្ខណៈជួយសង្គ្រោះបឋម និងទីទួលសុវត្ថិភាពជាដើម។ អាជ្ញាធរមូលដ្ឋានត្រូវតែសិក្សាពីកន្លែងទីទួលសុវត្ថិភាពត្រៀមពេលទឹកជំនន់ខាងមុខនេះ ដើម្បីជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីគ្រោះទឹកជំនន់។
លោកបានសំដែងនូវមោទកភាពណាស់ដែលឃុំចំនួន៣ដូចជា ឃុំទ្រា បន្ទាយស្ទោង និងឃុំចំណាលើ ដែលមានការរីកចំរើនខ្លាំងលើ វិស័យអប់រំ សុខភាពនិងអនាម័យទឹកស្អាត សន្តិសុខស្បៀង កិច្ចការការពារកុមារ ដែលក្នុងរយៈពេល១៦ឆ្នាំ ជាមួយនឹងអង្គការទស្សនពិភពលោក បានជួយឲ្យសហគមន៍និងកុមារនៅក្នុងស្រុកស្ទោងមានការផ្លាស់ប្រែ រីកចម្រើន ទាំងរូបវន្ត ចំណេះដឹង ជំនាញជាពិសេស ផ្លាស់ប្រែឥរិយាបថ នៃការរស់នៅរបស់កុមារងាយរងគ្រោះ និងសហគមន៍លើភូមិគោលដៅទាំង២៧។
ជាមួយនេះផងដែរ គណៈអធិបតីបាថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់រដ្ឋបាលស្រុកស្ទោងដែលតែងតែយកវិត្តទុកដាក់ចូលរួមសហការយ៉ាងពេញទំហឹង ជាមួយអង្គការទស្សនពិភពលោក ដែលធ្វើឲ្យសហគមន៍ ក៏ដូចជាស្រុកស្ទោងទាំងមូលមានការរីកចម្រើនគួរជាទីមោទក។
លោកបានបន្ថែមថា សមិទ្ធផលជាសក្ខីភាពខ្លះៗដូចយើងបានឃើញជាក់ស្តែងនៅតាមស្តង់តាំងពិពណ៌នីមួយៗដែលបានដាក់លក់នូវ ផលិតផលកសិផលនានា ប្របដោយគុណភាព សុវត្ថិភាព គ្មានការប្រើប្រាស់ថ្មាំឬជីគីមីឡើយ។
ជាចុងបញ្ចប់ លោកព្រឹម រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អង្គការទស្សនពិភពលោក-កម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាអភិវឌ្ឍមូលដ្ឋានស្រុកស្ទោងទាំងមូល មានការផ្លាស់ប្រែ ដូចដែលយើងបានឃើញជាក់ស្តែង។
ដោយ ៖ (មុន្នី)