ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបច្ចុប្បន្នមានរោងចក្រដំណើរការចំនួន ១ ៨៤៩រោងចក្រ ផ្តល់ការងារចំនួនជាង៩៧ម៉ឺនកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រកំពុងដំណើរការសរុប ចំនួន ១ ៨៤៩ រោងចក្រ គិតត្រឹមឆ្នាំ២០២១ បង្កើត​ការងារ​ធ្វើជាង ៩៧ម៉ឺនកន្លែងដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់ប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ។

នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញរបាយការណ៍និងសមិទ្ធផល​សំខាន់ៗ​សម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល៥ឆ្នាំ ២០១៧-២០២១​ ក្នុងសន្និសីទសារព័ត៌មាន ​នៅថ្ងៃទី ១១ ខែសីហា នៅអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍បានអោយដឹងថា រោងចក្រដំណើរ ការមានចំនួន ១ ៨៤៩ រោងចក្រ ស្ថិតនៅក្នុង ២៥រាជ ធានី-ខេត្ត មានការកើន​ឡើង​ចំនួន ៣២៧រោងចក្រ ស្មើនឹង ២១.៤៨% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លង មក​ ដែលនៅក្នុងឆ្នាំ ២០១៧ រោងចក្រដំណើរការមានចំនួន ១ ៥២២ រោងចក្រ។ ជាមួយគ្នានោះដែររោងចក្រកើតថ្មីក្នុងរយៈ ពេល៥ ឆ្នាំកន្លងមកនេះ មាន​ចំនួន ៩៦២ រោងចក្រ ខណៈរោងចក្របិទទ្វារ​ឈប់​ដំណើរការក្នុងរយៈពេល៥ឆ្នាំ មានចំនួន ៦៩២រោងចក្រ។

កម្លាំងពលកម្មសរុប មានចំនួន ៩៧០ ៤៨៧នាក់ ក្នុងនោះមាន ស្រីចំនួន ៧៤៧ ៧០០នាក់ ស្មើនឹង ៧៧.០៤% មានការថយចុះចំនួន ១១ ៧១៦ នាក់ ស្មើនឹង ១.១៩% បើធៀប ទៅនឹងរយៈពេល៥ឆ្នាំ​កន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ​កម្លាំងពលកម្មសរុបមានចំនួន ៩៨២,២០៣នាក់។

ចំណែក ទុនវិនិយោគសរុប មានចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក មានការកើនឡើង​ចំនួន​ជាង ៤ ០៦៤លានដុល្លារអាមេរិក ស្មើនឹង ៤៣.១៩% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លង មក ដែល​នៅក្នុងឆ្នាំ ២០១៧ ទុនវិនិយោគសរុបមានចំនួនជាង ៩ ៤១០ ​លានដុល្លារអាមេរិក។

តម្លៃបរិមាណផលិតផលសរុបនៃរោងចក្រដំណើរការ ​មានចំនួនជាង ៥ ៩៣៣ លានដុល្លារអាមេរិក ក្នុងនោះមាន ​តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមាន​ចំនួនជាង ១ ៥៦០ លានដុល្លារ​អាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង​ ៤ ៣៧៣ លានដុល្លារអាមេរិក៕

ដោយ៖ សូរិយា


ចែករំលែក៖