ភ្នំពេញ៖ ករណីចាក់បញ្ចាំងខ្សែភាពយន្តថៃរឿង«បុព្វេសន្និវាស» វគ្គ ២បាននិងកំពុងក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរសៀលថ្ងៃទី១១ ខែសីហាមក បន្ទាប់ពីវីដេអូខ្លីរបស់ខ្សែភាពយន្តខ្លីថៃរឿងបុព្វេសន្និវាស វគ្គ២ ត្រូវបានបញ្ចេញ។ ការវែកញែកក៏ព្រោះតែជាខ្សែភាពយន្តនោះបានបង្ហាញរូបភាពផែនទីមួយសន្លឹកដកស្រង់ចេញពីរឿងថៃ នេះបានបង្ហាញពីការបាត់ដីខ្មែរមួយភាគធំចូលទៅក្នុងទឹកដីថៃ ដែលអ្នកលេងបណ្តាញសង្គមជាច្រើនចាត់ទុកថាជាការបន្លំ។
យោងតាមផេកមួយដែលមានឈ្មោះថា វិភាគកុនបានបង្ហោះរូបភាពជាច្រើនសន្លឹកទាក់ទងនឹងរឿង (បុព្វេសន្និវាស) ព្រោះថានៅក្នុងរឿងថៃនេះ គឺភាគច្រើនសុទ្ធតែជារបស់ខ្មែរ តួយ៉ាងដូចជាប្រាសាទនិងផ្ការំដួលជាដើម ហើយអ្វីដែលកាន់តែក្តៅស្លឹកត្រចៀកទៀតនោះគឺរូបភាពផែនទីបានបង្ហាញថាថៃបានលេបត្របាក់ដីខ្មែរមួយភាគធំយកទៅធ្វើជារបស់វា។ រឿងរ៉ាវនេះសម្រាប់អ្នកដែលជាកូនខ្មែរពិតៗគីប្រាកដជាមិនសុខចិត្តនោះទេ។ កាន់តែលម្អិត យើងនឹងអានសារជូនទស្សនិកជនដែលដកស្រង់ចេញពីផេក វិភាគកុនដូចតទៅ៖ ហេតុតែចង់មើលកុនសៀម នាងដៀលរាស្ត្រមួយនគរថាជាសត្វធាតុ! តើគេជូននាងប៉ុន្មាន? ចូរចាំថា វីរបុរសខ្មែរក្រឡាហោមគង់បានពលីសាច់ស្រស់ឈាមស្រស់ គេចងនឹងបំពង់ស៊ីម៉ាំងកប៉ាល់រលាករហូតដល់ស្លាប់ បុព្វហេតុ ព្រោះចង់ឃើញជាតិរស់…. កូនខ្មែរ២០២២ ភ្លេចកំណើត និង ការឈឺចាប់ យកលុយទៅញាត់ហោប៉ៅសៀម បុព្វហេតុព្រោះចង់ប្រកាច់ប្រកិន ហ៊ោកញ្ជ្រៀវ ឃើញផែនទីជាតិខ្លួនត្រូវគេចិញ្ច្រាំ..ខ្ញុំសុខចិត្តធ្វើជាឆ្កែដែលមានបេះដូងស្នេហាជាតិ ជាជាងមនុស្សបំបង់ធាតុ ភ្លេចសន្តាន។
មានមតិជាច្រើនទៀតត្រូវបានបញ្ចេញមុននេះដោយពួកគេស្នើ និងសង្ឃឹមថា កូនខ្មែរអ្នកសិក្សានឹងទស្សនាពិចារណាតាមការគួរ! ចាំមើលមានកូនខ្មែរយល់ទេ? ជម្រាបជូនទស្សនិកជនមិនមែនតែរឿង បុព្វេសន្និវាស វគ្គ២តែមួយនោះទេ ក្នុងនោះក៏នៅមានរឿងផ្សេងៗ ដូចជារឿង ONG BAK រួមនឹងរឿង KINGSMAN2 ជាដើម គឺសុទតែមានលាយជាមួយអត្តសញ្ញាណខ្មែរ ។
គួរបញ្ចាក់ផងដែរថា ហេតុការណ៍ស្រដៀងគ្នានេះបានកើតទៅលើប្រទេសវៀតណាមកាលពីពេលថ្មីនេះ ក្រោយពីខ្សែភាពយន្តហូលីវូដមួយដែលមានចំណងជើងថា Uncharted បានថតខ្សែភាពយន្តហើយបានធ្វើផែនទីក្នុងតំបន់អាស៊ី តែស្រាប់តែបាត់ដីប្រទេសវៀតណាម ហើយហេតុការណ៍នេះបានធ្វើឱ្យប្រជាជនវៀតណាមមានការខឹងសម្បាយ៉ាងខ្លាំង ប្រជាជនវៀតណាម ជាពិសេសសិស្សនិស្សិតផ្ទុះការតវ៉ា រួមគ្នាប្រឆាំងទាល់តែកុននេះត្រូវបាន Ban ពីប្រទេសវៀតណាម រហូតផ្ទុះបណ្តាញសារព័ត៌មានលើពិភពលោក ជាពិសេសមេរៀនមួយដល់ហូលីវូដថា កុំចេះតែហ៊ាន ទោះតិចក៏ដោយ កុនក៏ដោយ នេះជាដីយើង។
ទស្សនិកជនជាច្រើនស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើការពិនិត្យលើខ្សែភាពយន្តនេះឱ្យបានដិតដល់ និងអ្នកខ្លះបានស្នើឱ្យផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តនេះនៅកម្ពុជាផងដែរ៕
ដោយ៖ វឌ្ឍនា