ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការរដ្ឋបាលស្រុករលាប្អៀរ បានចុះល្បាតបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមបឹងដ៏ធំមួយ ដោយកម្ទេចឧបករណ៍នេសាទអស់ជាច្រើន។
កិច្ចសហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងបួនមុំ និងចំណុចអន្លង់អណ្ដើក ស្ថិតក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយលោក សេង វិចិត្តអភិបាលស្រុករលាប្អៀរ និងមានកម្លាំងចូលរួមសរុបមានចំនួន ២៦នាក់ មធ្យោបាយកាណូត ចំនួន ០៣គ្រឿង ។
ប្រភពពីមន្ត្រីនគរបាលដែលបានចូលរួមបង្រ្កាបបទល្មើសខាងលើនេះបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផល ៖
-រុះរើរបាំងសាច់អួនបានចំនួន ១៧កន្លែង ប្រវែង ១០៥០ម៉ែត្រ
-លបលូចំនួន ១៣គ្រឿង
-បង្គោលចំនួន ៣៥០ដើម
-លែងកូនត្រីចម្រុះ៥០គីឡូក្រាម(ចាក់លែងចូលទៅក្នុងបឹងវិញ) ។
ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាននាពេលនេះត្រូវបានកម្លាំងចម្រុះដុតកម្ទេចចោលនៅកន្លែងកើតហេតុ៕
ដោយ ៖ ប្រាថ្នា