ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ ចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ​ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ 

ជនសង្ស័យទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន បូនី,សេង មករា និង ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំង៤ បានឱ្យដឹងថាការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដី ឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។ បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញាមេក្លោងបានមួយចំនួនហើយ។ 

ជាមួយគ្នានេះជនសង្ស័យទាំង៤នាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្ត និងចាកចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។ 

គួរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ហើយរដ្ឋបាលខេត្តបានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕

ដោយ​៖សហការី​


ចែករំលែក៖