ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបដឹកស្រូវបុករង្វង់មូលរូបក្រពើក្នុងស្រុកកំពង់រោទ៍ផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អ្នកភូមិកំពុងដេកលង់លក់ស្កប់ស្កល់ក្នុងដំណេកស្រាប់តែភ្ញាក់ស្រឡាំងកាំងផ្អើលគ្រប់ៗគ្នាខណៈដែលមានរថយន្តយីឌុបដឹកស្រូវមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេកបានបើកទៅបុករង្វង់មូលរូបក្រពើរបស់ស្រុកកំពង់រោទ៍ផ្អើលទាំងកណ្ដាលអធ្រាត្របណ្តាលឱ្យមនុស្សម្នាក់របួសស្រាល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ស្ថិតនៅរង្វង់មូលរូបក្រពេីនៅលើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥និង១៦ក្នុងភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

    តាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា  អ្នកបើករថយន្តមានឈ្មោះ រស់ រ៉ូ  អាយុ២៧ឆ្នាំ មុខរបរអ្នកបេីកបរ មានទីលំនៅភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្ភ្នំ ខេត្តព្រៃវែង។

    សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុមានរថយន្តដឹកស្រូវមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣A-១៨៨១ បើកក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែបើកទៅបុករង្វង់មូលរូបក្រពេី យ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកភូមិដែលកំពុងដេកលង់លក់ក្នុងដំណេកភ្ញាក់ស្រឡាំងកាំងផ្អើលគ្រប់ៗគ្នាចេញមកមើលឃើញមានមនុស្សម្នាក់រងរបួសស្រាល។

     សមត្ថកិច្ចបានបញ្ជាក់ទៀតថាមូលហេតុដោយសារតែអ្នក​បើកបរ​ងងុយ​ដេក​ទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

    បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលញដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖