មហាសេដ្ឋីជនជាតិអង់គ្លេសលោក Sir Jim Ratcliffe ចង់ទិញក្លិបបិសាចក្រហម Manchester United ស្របពេលដែលម្ចាស់ក្លិបបច្ចុប្បន្នមានគម្រោងក្នុងការលក់ក្លិបនេះ។ ដំណឹងនៃការចាប់អារម្មណ៍របស់បុរសវ័យ៦៩ឆ្នាំរូបនេះធ្វើឡើងតាមរបាយការណ៍របស់ Bloomberg ដែលថាគ្រួសារ Glazer មានឆន្ទៈក្នុងការលក់ភាគហ៊ុនភាគតិចនៅក្នុងក្លិបខាងលើ។
អ្នកនាំពាក្យរបស់លោក Ratcliffe បានប្រាប់កាសែត The Times ថា“ប្រសិនបើក្លិបសម្រាប់លក់ លោក Ratcliffe គឺពិតជាអ្នកទិញដ៏មានសក្ដានុពល។ ប្រសិនបើមានរឿងបែបនេះអាចធ្វើទៅបាន យើងនឹងចាប់អារម្មណ៍ក្នុងការពិភាក្សាជាមួយនឹងទស្សនៈនៃភាពជាម្ចាស់រយៈពេលវែង”។
ក្រុម Manchester United ដែលជាម្ចាស់ជើងឯក២០សម័យកាលរបស់អង់គ្លេសកំពុងឈរនៅបាតតារាង Premier League បន្ទាប់ពីចាញ់២ប្រកួតបើករដូវកាលរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Erik ten Hag។ ការចាប់ផ្តើមដ៏អាក្រក់នេះបានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងទៅលើក្រុមគ្រួសារ Glazers ដែលជាម្ចាស់ក្លិប និងការយល់ឃើញពីកង្វះការវិនិយោគនៅក្នុងក្រុម។
រដូវក្តៅនេះត្រូវបានគេមើលឃើញថា ការចុះហត្ថលេខាថ្មីមិនបានសម្រេចទេ រួមទាំងការតាមរកខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ Barcelona ខណៈដែលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចចាកចេញពី Old Trafford ។
ក្លិបបានជួបការលំបាកចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣ ហើយមិនបានឈ្នះពានរង្វាន់ចាប់តាំងពីឆ្នាំ២០១៧។ មានការតវ៉ាជាច្រើនប្រឆាំងនឹងការកាន់កាប់ក្លិបរបស់ក្រុមគ្រួសារ Glazers ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងការតវ៉ាមួយក្នុងខែឧសភា ឆ្នាំ២០២១ ដែលបណ្តាលឱ្យការប្រកួតលីកក្នុងទឹកដីរបស់បិសាចក្រហមជាមួយនឹងក្រុម Liverpool ត្រូវបានពន្យារពេល។
អ្នកគាំទ្រក្រុមបិសាចក្រហមគ្រោងនឹងធ្វើការតវ៉ាមួយផ្សេងទៀតប្រឆាំងនឹងគ្រួសារជនជាតិអាមេរិកខាងលើក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់ពួកគេជាមួយនឹងគូប្រជែងនៅ Anfield របស់ពួកគេនៅថ្ងៃចន្ទនៅឯកីឡដ្ឋាន Old Trafford ។
លោក Ratcliffe កើតនៅ Lancashire ដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្រុម Ineos គឺជាអ្នកគាំទ្រក្លិបកុមារភាព។ គាត់ក៏ជាម្ចាស់ក្លិបបារាំង Nice, ក្លិបស្វីស Lausanne-Sport និងក្រុមជិះកង់ Ineos Grenadiers ខណៈដែលក្រុម Ineos មានដៃគូជាមួយក្រុម Mercedes F1។
កាលពីព្រឹកថ្ងៃពុធ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក បាននិយាយលេងសើច បន្ទាប់ពីបានបង្ហោះសារថា លោកនឹងទិញក្លិប Man United។ លោក Elon Musk ដែលមានអាយុ៥១ឆ្នាំត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសុទ្ធចំនួន២៧០ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes ខណៈដែលលោក Ratcliffe មានទ្រព្យសម្បត្តិក្នុងតម្លៃប៉ាន់ស្មាន១៦.៣ពាន់លានដុល្លារ។
កាលពីខែឧសភា លោក Ratcliffe បានបរាជ័យក្នុងតម្លៃ៤,២៥ពាន់លានផោនដើម្បីទិញក្លិប Chelsea បន្ទាប់ពីម្ចាស់ក្លិបលោក Roman Abramovich បានដាក់ក្លិបនេះលក់។
នៅពេលនោះលោក Ratcliffe បានប្រាប់ BBC Sport ថា គាត់នៅតែជាអ្នកគាំទ្រក្លិប Manchester United ហើយហេតុផលដែលគាត់មិនដេញថ្លៃសម្រាប់ទិញក្លិបបិសាចក្រហមគឺដោយសារក្លិបមិនលក់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)