ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនពិការ និងគ្រួសារប្រជាពលរដ្ឋក្រីក្រខេត្តកំពង់ធំបានទទួលអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២  លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយនឹងអាជ្ញាធរដែនដីបន្តនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្តម្ភអតីតយុទ្ធជនពិការនិងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសាររស់នៅភូមិវល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត  ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ ដោះស្រាយដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលជួបការខ្វះខាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ប្រកបមុខរបររកទទួលទានដោយសុចរិតទៀងត្រង់ ចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បីអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបីការពារ បីកុំ របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងអញ្ជើញទៅចាក់វ៉ាក់សាំងដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ។

លោកឧត្តមសេនីយ៍ទោសោម ស៊ុនបានបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង១២គ្រួសារនៅពេលនេះ ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកស្រីជាភរិយា ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុង១យួរ ផងដែរ។ ព្រមជាមួយនោះលោកយាយ បូ កន អាយុ៦៦ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៦នាក់ ដោយដំបូលខ្ទមរបស់គាត់មានសភាពធ្លុះធ្លាយ  លោកបណ្ឌិតនិងភរិយាក៏បានផ្តល់ជូនស័ង្កសីចំនួន១០សន្លឹកដើម្បីធ្វើការជួសជុលជម្រកស្នាក់នៅជូនគាត់ផងដែរ។

អាជ្ញាធរដែនដី ក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំទាំងអស់ដែលបានយកចិត្តទុកដាក់ដោះស្រាយការលំបាកបានទាន់ពេលវេលា និងសូមគោរពជូនពរលោក លោកស្រីទាំងអស់ សូមបានទទួលនូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ មុន្នី


ចែករំលែក៖