ខេត្តកណ្ដាល៖ បុរសម្នាក់ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះបានទៅ លួងលោមក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ រំលោភរហូតបានសម្រេច ហើយទីបំផុតត្រូវបានក្មេងស្រីរងគ្រោះរៀបរាប់រឿងហេតុប្រាប់ម្ដាយ រួចទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមនីតិវិធី ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី នៅក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ មានទីលំនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហម ផល្លា ហៅរ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំ មានទីលំនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្រភពដដែលបន្តថា រយៈពេល០២ឆ្នាំមកហើយជនសង្ស័យបានមកជួលផ្ទះគេស្នាក់នៅក្នុងភូមិក្នុង ឃុំព្រែកតាមាក់ និងលក់នំនៅរង្វង់មូលស្ពានព្រែកតាមាក់ រហូតមកដល់សព្វថ្ងៃនេះ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រពន្ធរបស់ជនសង្ស័យបានសម្រាលកូន ហើយស្នាក់នៅឯស្រុកកំណើត។ មកដល់ថ្ងៃទី២០ខែឆ្នាំកើតហេតុ វេលាម៉ោងប្រហែល៨ ជនសង្ស័យបានហៅជនរងគ្រោះឱ្យជួយលក់នំជំនួសប្រពន្ធខ្លួន ដោយឱ្យប្រាក់ឈ្នួល១ថ្ងៃ២០០០០៛ ។ លុះមកដល់ថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង៨ ជនរងគ្រោះបានមកលក់នំជាមួយជនសង្ស័យរហូតដល់ម៉ោង១៦និង៣០នាទីថ្ងៃដដែល។ ពេលលក់នំអស់ ជនសង្ស័យប្រើជនរងគ្រោះឱ្យជិះម៉ូតូរបស់ខ្លួនទៅលាងចាននៅឯផ្ទះជួលរបស់ខ្លួន រីឯជនសង្ស័យជិះរ៉ឺម៉កម៉ូតូលក់នំមកតាមក្រោយ។ ពេលមកដល់ជនរងគ្រោះបានទៅលាងចានដែកសម្រាប់លាយម្សៅធ្វើនំ ពេលលាងរួចជនរងគ្រោះក៏អង្គុយចាំជនសង្ស័យឌុបខ្លួនទៅផ្ទះវិញ។
មកដល់ម៉ោង១៧និង០០នាទី ថ្ងៃដដែល ជនសង្ស័យបានហៅជនរងគ្រោះចូលក្នុងផ្ទះដើម្បីឱ្យអាវរងាទៅជនរងគ្រោះ ពេលនោះជនសង្ស័យបានចាប់ផ្តួលជនរងគ្រោះទៅលើពូកហើយក៏ចាប់ផ្តើមចាប់រំលោភនាង។ ពេលរំលោភបានបន្តិចជនរងគ្រោះបាននិយាយអង្វរជនសង្ស័យឱ្យឈប់ ហើយសុំឱ្យជូនខ្លួនទៅផ្ទះ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូជូនជនរងគ្រោះទៅផ្ទះ ពេលទៅដល់ ជនរងគ្រោះបានប្រាប់ឪពុកម្តាយពីដំណើររឿង។ ឮដូច្នេះគ្រួសាររបស់ជនរងគ្រោះបានចាប់ឃាត់ជនសង្ស័យ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ទើបកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី ៕
ដោយ៖ស្អាងជ័យ