ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ាង ស៊ីណេត៖ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២២​ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៏បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតថ្មីលើកទី៥ ឆ្នាំ២០២២ ដើម្បីសម្រេចគោលបំណងជាយុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១ -២០៣០) ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ និងមានសមត្ថភាពសិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្របក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ 

កម្មវិធីជាតិដំណាក់កាលទី២នេះ សំដៅការពង្រឹង និងការធ្វើទំនើបកម្មរចនា សម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗស្របតាមចរិតលក្ខណៈជារដ្ឋបាល នៃតំបន់ទីក្រុងធំៗ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទរួមទាំងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុការកែលម្អប្រព័ន្ធផែនការថវិកា ការកែលម្អយន្តការនិងនីតិវិធីនៃការផ្ដល់សេវាសាធា រណៈ ការលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស។

លោកអភិបាលរងខេត្ត​ បានបញ្ជាក់ថា​ វគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមគោលដៅជាតិក្រុមប្រឹក្សាឃុំ- សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីកិច្ចសន្យាទទួលផ្នែកហិរញ្ញវត្ថុសម្រាប់រដ្ឋបាលឃុំ-សង្កាត់ពេលនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលមានចំនួន ៩ជំពូកក្នុងនោះ៖

ជំពូកទី១.ទិដ្ឋភាពទូទៅ 

ជំពូកទី២.រចនាសម្ព័ន្ធតួនាទីភារកិច្ចខ្សែគណនេយ្យនិងទំនាក់ទំនងអន្តរជាតិរដ្ឋបាល 

ជំពូកទី៣.ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង ជំពូកទី៤.កិច្ចប្រជុំក្រុមប្រឹក្សា 

ជំពូកទី៥.ផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល 

ជំពូកទី៦.ការផ្ដល់សេវាសាធារណៈ 

ជំពូកទី៧. កិច្ចការរដ្ឋបាល 

ជំពូកទី៨.ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក 

និងជំពូកទី៩.ការគ្រប់គ្រងហិរញ្ញវត្ថុ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗឱ្យទទួលបានជោគជ័យ៕

ដោយ​៖សហការី​


ចែករំលែក៖