ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលម៉ោង៤ថ្ងៃទី២៣ ខែសីហាបានឱ្យដឹងថា លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគារ បានដឹកនាំកម្លាំងទៅធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម ដែលបង្កភាពអនាធិបតេយ្យនៅក្នុងបរិវេណអនុវិទ្យាល័យតាណាក ស្ថិតក្នុងភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
លោកអធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ឱ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីថា ក្រុមទី១មានចំនួន០៤នាក់ និងក្រុមទី២មានចំនួន០៤នាក់ដូចគ្នា ។ ក្មេងទំនើងទាំង២ក្រុមខាងលើបានធ្វើសកម្មភាពអុកឡុកដេញវាយគ្នាទៅវិញទៅមក បង្កភាពចលាចលក្នុងអនុវិទ្យាល័យតាណាក ស្ថិតក្នុងភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
ក្រោយឃាត់ខ្លួនបាន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទាំង៨នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើកិច្ចសន្យា និងអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត ៕
ដោយ៖សហការី