ខេត្តសៀមរាប ៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជាបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការមកពីរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពនានា ជុំវិញខេត្តទាំងអស់ ៣០អង្គភាព ដែលមានសិក្ខាកាមសរុបចំនួន ១០៦នាក់។ នេះបើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប រាយការណ៍ជូន លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។
អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា, ការបណ្តុះបណ្តាលនោះរយ:ពេល ៨៨ម៉ោងសិក្សាតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (OnlineGoogle meet) និងសិក្សាផ្ទាល់ ដោយប្រើរយ:ពេល ៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់២៦ ខែសីហាឆ្នាំ២០២២ ។
គោលបំណងនៃការបណ្ដុះបណ្តាលនេះ គឺដើម្បីកសាងមូលធនមនុស្សឌីជីថលឱ្យឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន និងអនាគតស្របតាមនិន្នាការវិវត្តន៍ នៃបច្ចេកវិទ្យាពិភពលោក។ ការជំរុញអក្ខរកម្មឌីជីថល និងធ្វើឲ្យប្រសើរឡើង នៃការសិក្សាជំនាញឌីជីថល នឹងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឌីជីថលឱ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការ ចីរភាព និងបរិយាបន្ន។
នេះជាលើកទី៣ហើយ សម្រាប់វគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ឌិត្យសភាឌីជីថលកម្ពុជា សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប រៀបចំបើក វគ្គបណ្ដុះបណ្ដាលនេះឡើងស្របតាមបរិបទនៃយុគ្គសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន គឺកំពុងតែមានការអភិវឌ្ឍ រីកចំរើនជឿនលឿនឥតឈប់ឈរ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្របន្ថែម ដើម្បីចូលរូមក្នុងការអភិវឌ្ឍខ្លួនឱ្យស្របតាមអភិបាលកិច្ចឌីជីថលនៅកម្ពុជា ដើម្បីធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេវាសាធារណ:នាពេលខាងមុខប្រកបដោយគុណភាព។ នេះបើតាមប្រសាសន៍ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ថ្លែងឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្នុងពេលកំពុងដំណើរការវគ្គបណ្តុះបណ្តាល។
លោក សុខ សីហា បញ្ជាក់ថា៖ កម្មវិធីទាំងអស់នេះ សុទ្ធសឹងតែជាតម្រូវការចាំបាច់ សម្រាប់ការប្រើប្រាស់ក្នុងអង្គភាពនីមួយៗ ក៏ដូចជាជួយពង្រឹងសមត្ថភាពមន្ត្រីជាមួយនឹងចំណេះដឹង និងបទពិសោធន៍ថ្មីៗសម្រាប់យក ទៅអនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍកសាង មូលដ្ឋានគ្រឹះឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះសិក្សាលើ ១៣មុខវិជ្ជា និងបែងចែកជា ៣ម៉ូឌុល ដូចជា៖
-ម៉ូឌុល A1៖ ជាកម្មវិធីអក្ខរកម្មឌីជីថល គឺការយល់ដឹងលើការប្រើប្រាស់ និងការថែទាំកុំព្យូទ័រ ទាំងឧបករណ៍ កម្មវិធី និងមុខងារជាច្រើននៅលើអុីនធឺណែត ចេះកំណត់អត្តសញ្ញាណ ស្វែងរកវាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាពថែមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន និងអ្នកដទៃ។
-ម៉ូឌុល A2៖ ជាកម្មវិធីឌីជីថលសម្រាប់ការងាររដ្ឋបាល ជាកម្មវិធីឱ្យអ្នកសិក្សាចេះបង្កើត និងរៀបចំឯកសារ តារាងបញ្ជី និងបច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និងមានប្រសិទ្ធិភាពខ្ពស់ដោយប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ ទូរស័ព្ទឆ្លាតSmart phone និងបច្ចេកវិទ្យាក្លោដ (Cloud) ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថល។
-ម៉ូឌុល A3៖ សេដ្ឋកិច្ចឌីជីថល ជាកម្មវិធី ទទួលបានចំណេះដឹងសំខាន់ៗយ៉ាងទូលំទូលាយអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងគោលនយោបាយ អភិបាលកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
ដោយ ៖ សហការី