ព័ត៌មានទាន់ហេតុការណ៍៖

ទីណាមានការលំបាកទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បេីយោង​តាមប្រភពព័ត៌មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២​ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកតំបែរ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំបង្ហើរខ្លែង រួមទាំងសហការី ចុះទៅសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់គ្រួសារលោកស្រី អ៊ុត សាត អាយុ៦២ឆ្នាំជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងមូលដ្ឋានភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងលោក​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ 

លោកក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃឆាប់ជាពីរោគាពាធនេះ និងជៀសចាកផុតពីរោគាព្យាធិទាំងឡាយ។

ដោយឡែក​អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖​ អង្ករ២៥គីឡូក្រាម ,មី១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ ,ត្រីខ១០កំប៉ុង ,ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖