ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកបន្លែបុករះរថយន្តស៊េរីទំនើបពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកបន្លែគេចពីរថយន្តមួយគ្រឿងហើយជាន់ហ្វ្រ័ងមិនសុីបានជ្រុលទៅបុករះរថយន្តស្តារិចមួយគ្រឿង និងរថយន្តឡិចសុីស LX570 មួយគ្រឿងទៀត ខណៈដែលរថយន្តទាំង២គ្រឿងនេះកំពុងឈប់ចាំភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលនិងស្ទះចរាចរណ៍ដល់អ្នកដំណើរនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤២២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចស៊ីស LX570 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BK-0890 និងរថយន្តហុីយ៉ាន់ដាយស្តារិច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-9381បើកតាមបណ្ដោយផ្លូវព្រះមុនីវង្សពីត្បូងទៅជើង  លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តកូរ៉េដឹកបន្លែមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-5804បើកមកពីក្រោយបានគេចពីរថយន្តមួយគ្រឿង ហើយជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តស្តារិចំចំហៀងខាងឆ្វេង និងរថយន្តឡិចសុីសLX570ចំពីខាងក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយដោយខាងភាគីរថយន្តបង្កសូមធ្វើការសម្របសម្រួលជាមួយភាគីរថយន្តរងគ្រោះ ដែលក្រោយពីចរចាគ្នាអស់រយៈពេលជិតមួយម៉ោង ទើបភាគីបង្កបានព្រមចេញសំណងថ្លៃខូចខាតទៅឲ្យភាគីរថយន្តរងគ្រោះទាំងពីរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖