ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាច ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នេះថា សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ(ព្រាន)២នាក់ រួមទាំងវត្ថុតាងអន្ទាក់កែច្នៃ(ឆក់)និងប្រើប្រាស់អាវុធជាតិផ្ទុះថែមទៀត ។
លោក ឧត្ដមសេនីយ៍ ស្នងការរងបន្តថា ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួន ទី-១ ឈ្មោះ ស្រស់ ហឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ និងទី-២ ឈ្មោះ អឿន សុភ័ណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.សង្កាត់ជាមួយគ្នា ។ សម្ភារៈដកហូតដែលជាវត្ថុតាងរួមមានៈ កាំភ្លើងម៉ាក(សេកាសេ)ចំនួន១ដើម គ្រាប់ចំនួន៨គ្រាប់ អាគុយកម្លាំង៤០អំពែចំនួន៣ធុង ខ្សែលួសអន្ទាក់សម្រាប់ឆក់សត្វចំនួន១ដុំធំ ម៉ូទ័រ(ដុំឆក់)១ដុំ មធ្យោបាយម៉ូតូចំនួន២គ្រឿង ម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និង១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 8447 ។
លោក ស្នងការរងបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បន្ទាប់ពួកគេធ្វើសកម្មភាព ជាក់ស្ដែងនៅចំណុចផ្លូវដំរី ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ សមត្ថកិច្ចនគរបាលជំនាញកំពុងបន្តនីតិវិធី៕
ដោយ៖ ប៉ឹម ពិន