ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកបង្កាន់ដៃស្ពានថ្មបណ្តាលឱ្យរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសបីនាក់បានរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូសណ្តោងរុឺម៉កទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេបើករថយន្តដឹកទឹកកកយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានថ្មបណ្តាលឲ្យរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២២ នៅចំណុចប្រឡាយទឹកស្អុយលូ៥ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូ២នាក់ទៀតបានបើករថយន្តកូរ៉េដឹកទឹកកកលឿន ពេលមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់ឆ្លងស្ពាន តែមិនផុតក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានថ្មអស់មួយផ្ទាំងដាំក្បាល រថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ភ្លាមនោះដែរបានប្រជាពលរដ្ឋជិតខាង ចុះទៅជួយស្រង់អ្នកបើកបរនឹងអ្នករួមដំណើរយកចេញពីក្នុងការប៊ីន រួចក៏បានលើកជនរងគ្រោះ ដាក់ទៅលើម៉ូតូសណ្តោងរុឺម៉ក យកទៅសង្រ្គោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ដើម្បីចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖