ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រីហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ រស់នៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្នុងពិធីនេះលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានប្រាប់ប្រជាពលរដ្ឋថា “យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តិសិទ្ធិបំផុតគឺចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ដូស និងត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នានឹងជៀសផុតពីជំងឺកូវីដ-១៩ ” ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក ។
លោកប្រធានកិត្តិយសក៏បានក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការ ប្រុងប្រយ័ត្នបន្ថែមទៀត សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៍ដូចជារដ្ឋបាលរាជធានីភ្នំពេញ ។
នៅចុងបញ្ចប់នៃកម្មវិធីមនុស្សធម៌ លោកប្រធានកិត្តិយសនិងជាអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌របស់ប្រជាពលរដ្ឋកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានយកទៅចែកជូន ក្នុង១គ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម, ឃីត១កញ្ចប់, ត្រីខ១យួរ, មី ៦កញ្ចប់, ទឹកត្រី២ដប, ទឹកស៊ីអុីវ២ដប និងថវិកាមួយចំនួន ៕
ដោយ៖ សណ្តោស