ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបវេល​ នាំខ្លួនអ៊ុំ​ មីង​ និងបងស្រីៗ​ ចូលចិត្ដ​លេងល្បែង​ស៊ីសងខុសច្បាប់ចំនួន​១៤នាក់ធ្វេីការអប់រំណែនាំ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្រ្តី​វ័យ​ចំណាស់​ និងស្រី្តវ័យកណ្ដាលសរុបចំនួន​ ១៤នាក់​ ដែល​ចូលចិត្ត​ប្រមូលផ្ដុំ​គ្នាលេងល្បែង​ស៊ីសងខុសច្បាប់​(បៀ​)​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ស្រុក​បវេល​នាំខ្លួនមកវាស់​កម្ពស់​ និងធ្វើការ​អប់រំមិនឱ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ដូច្នេះ​ទៀត។ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ករណី​នាំខ្លួនក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃ​ អាទិត្យទី​២៨​ខែសីហាម្សិលមិញនេះ​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់លោកវរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទណ្ឌ​លោ​កវរ​សេនីយ៍ឯក សុខ​ សារិន​  អធិ​ការនគរ​បាលស្រុកបវេល​។ 

សូមជម្រាបថា​ កម្លាំងផ្នែកជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុក​ រួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល​ បាន​ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុស​ច្បាប់​(បៀ)បានចំនួ​ន​០២ករ​ណីស្ថិតក្នុងឃុំបវេល ស្រុកបវេល​ ខេត្តបាត់ដំបង ក្នុងនោះបាននាំខ្លួនមនុ​ស្សចំនួន១៤​នាក់ស្រី​ និងដកហូតបានបៀ ព្រមទាំងសម្ភារៈមួយចំនួនផងដែរ។ 

ក្រោយពេលនាំខ្លួនមកធ្វេីការ​សាក​សួរ​នៅអធិការ​ដ្ឋានរួចមកត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សក​ម្ម​ភា​ពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមក​ធានាត្រឡប់ទៅមូល​ដ្ឋានវិញ៕

ដោយ៖ស សារ៉េត


ចែករំលែក៖