ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង ១០៖៣០នាទីថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ (Jerusalem International Cooparetion Center, ICC) នៃរដ្ឋអ៊ីស្រាអែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់    វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវឧបនាយករដ្ឋមន្រ្តីអ៊ូហ្គាន់ដា និងរដ្ឋមន្រ្តីក្រសួងកសិកម្មមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួនទៀត។ 

ជាបឋម លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងចូលរួមអបអរសាទរ ក្នុងទឹកចិត្តរំភើបសប្បាយរីករាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនក្មួយៗទាំង ២០០នាក់ ដែលបានទទួលជ័យលាភីដ៏ត្រចះ ត្រចង់ ដែលនេះគឺជាមោទនភាពសម្រាប់ជីវិត គ្រួសារ និងសង្គមជាតិនាពេលនេះ។ ថ្លែងសន្ទរកថាទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រិបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅជូនចំពោះក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការបានយ៉ាងល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ទទួលយកនិស្សិតកម្ពុជាឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាននៅទូទាំងរដ្ឋអ៊ីស្រា អែល។ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះសម្រេចបានក្នុងរយ:ពេលកន្លងមក ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ និងឈានឡើងជាលំដាប់។ 

ស្ថិតក្នុងបរិយាកាសយ៉ាងឱឡារិក អធិអធមនាពេលនេះ លោករដ្ឋមន្ដ្រីបានបង្ហាញទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរដល់និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាប្រកប ដោយជោគជ័យ។ លោករដ្ឋមន្ដ្រីបញ្ជាក់ច្បាស់ថាភាពជោគជ័យរបស់ក្មួយៗ គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។ ពិតណាស់លទ្ធផលរបស់ក្មួយៗនាថ្ងៃនេះ បើគ្មានការអំណត់ អត់ធន់ព្យាយាម តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតមានសក្តានុពលក្មួយៗក៏គ្មានថ្ងៃនេះដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេស ជាតិ និងជាពិសេសសម្រាប់កសាងជោគវាសនា និងអនាគតដ៏ភ្លឺស្វាងរបស់គ្រូសារ និងខ្លួនឯងផ្ទាល់។ 

លោករដ្ឋមន្ត្រីបានណែនាំឲ្យនិស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ ដើម្បីនាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន សម្បូរសប្បាយ ពិសេសធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកសន្តិភាព។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យក្មួយៗនិស្សិតទាំង ២០០នាក់ធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញជួបជុំគ្រួសារ ប្រកបដោយសុខសុវត្ថិភាព។ 

សូមអនុញ្ញាតជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AgroStudies (Agriculture Capacity Building) តាំងពីឆ្នាំ២០០៨ ។ គិតមកដល់ឆ្នាំសិក្សា២០២១-២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១ ៤៦៩នាក់រួចហើយ។ ដោយសារតែអ្វីដែលពួកគេបានរៀន និងកែលម្អនៅទីនេះ ដូចជាកម្រិតសមត្ថភាព ជំនាញអន្តរបុគ្គល ការទំនាក់ទំនង បទពិសោធន៍នៅក្រៅប្រទេស ជំនាញបច្ចេក ទេស និងរបៀបរបបធ្វើការងារ ការគោរពខ្លួនឯង និងមានវិន័យ ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។  លក្ខណៈសម្បត្តិទាំងអស់នេះ បានជួយឱ្យតម្លៃរបស់និស្សិតមាននៅលើទីផ្សារការងារ ខ្ពស់ ហើយដើមទុនជាពុទ្ធិដ៏រឹងមាំនេះ បានធ្វើឲ្យនិស្សិតភាគច្រើន ទទួលបាទជោគជ័យក្នុងជីវិតតារយ:មានការងារក្នុងតំណែង និងតួនាទីល្អនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាន ទទួលបានប្រាក់បៀវត្សខ្ពស់ ក្លាយជាអ្នកជំនាញផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ក្លាយជាកសិ-ធុរកិច្ចសហគ្រិនវ័យក្មេងនាំមុខក្នុងប្រទេសទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖