ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមលោក ខឹម វាសនា អាជ្ញាធរខេត្តតម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាកំហិត

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក នី ចាន់ពិនិត្យតំណាងលោកខឹម វាសនា បានចេញមកទទួលយកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបពីក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី តម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះជាការលើកឡើង របស់ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា, ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងក្រៅប្រទេសមកធ្វើ ការជួបជុំ និងប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោល បំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណើរនៃធម្មជាតិ(ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោក ប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្ដុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក ប្រធានគណបក្ស ជ្រាប និងបញ្ឈប់ សកម្មភាពការប្រមូលផ្ដុំខាងលើប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖