ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបទល្មើសគ្រឿងញៀនស្លាប់ជនសង្ស័យម្នាក់ ឃាត់ខ្លួន២នាក់ និងរបួសមនុស្ស៤នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាអាជ្ញាធរមូលដ្ឋាន បង្ក្រាបគ្រឿងញៀនឈានដល់ការផ្ទុះអាវុធប្រមាណជាង១០គ្រាប់ បណ្ដាលឲ្យស្លាប់ជនសង្ស័យម្នាក់ របួសមនុស្ស៤នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសសារធាតុញៀន ជាង២០គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ ចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន តាមមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ធ្វើដំណើរដោយរថយន្តចំនួន០២គ្រឿង ដោយរថយន្តមួយគ្រឿងម៉ាក ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-0123 ដឹកផ្ការួចបង្កប់គ្រឿងញៀន ជាង២០គីឡូក្រោមផ្កា ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តទាំង០៤ ទៅមុខលែងរួច និងរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ធ្វើដំណើរដោយជនសង្ស័យចំនួន០៣នាក់ ព្យាយាមគេច និងបាញ់រះមកលើសមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ច បាញ់ទៅវិញ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ក្នុងរថយន្ត និងរបួសម្នាក់ ចំណែក២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ 

តាមប្រភពព័ត៌មានពីពលរដ្ឋ បានបង្ហើបឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បណ្ដាលឲ្យពលរដ្ឋរងរបួសចំនួន០៣នាក់ គឺមនុស្សស្រី០២នាក់ និងបុរសម្នាក់ជាម្ចាស់ម៉ូតូកង់៣ ដែលរថយន្តជនសង្ស័យ បើកបុកចំពីមុខ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច ចម្រុះ បានធ្វើការហ៊ុំព័ទ្ធ ទីតាំងកើតហេតុ ដើម្បីឲ្យជំនាញ ធ្វើការត្រួតពិនិត្យ និងដកហូតគ្រឿងញៀន ជាង២០គីឡូក្រាម៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖