ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកបរម៉ូតូឌុបគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យដួលបោកក្បាលនឹងផ្លូវកៅស៊ូស្លាប់ម្នាក់ រងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោកអធិការស្រុកសាលាក្រៅបានឲ្យដឹងថា÷កាលពីវេលាម៉ោង ២២ និង៥៥នាទីយប់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយ ការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅថាមានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូដួលខ្លួនឯង នៅចំណុចស្រែប្រាំងស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន បណ្តាលឱ្យយុវជនម្នាក់ស្លាប់  ម្នាក់រងរបួសស្រាល និងខូចម៉ូតូ ០១ គ្រឿងធ្ងន់ ។

លោកអធិការស្រុកបានបន្តថា÷អ្នកបើកបរ មានឈ្មោះ ភឿម សាមុី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង(ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ) បើកបរម៉ូតូម៉ាក winner ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាព) ។

 អ្នករួមដំណើរ ឈ្មោះ ហេង កំផៃ  ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (រងរបួសស្រាល)។

លោកបានបន្តទៀតថា÷ករណីនេះមូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ដួលខ្លួនឯងបោកក្បាលទៅនិងផ្លូវកៅស៊ូ។

 បច្ចុប្បន្ន សពត្រូវបានធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងជន រងគ្រោះម្នាក់ទៀតត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែក(វត្ថុតាងម៉ូតូបានធ្វើកំណត់ហេតុប្រគល់ជូនគ្រួសារជនរងគ្រោះផងដែរ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖