ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ៖ គណបក្សនយោបាយចំនួន៤ ស្នើរ១៧ចំណុចមក គ.ជ.ប មួយចំនួនហួសដែនសមត្ថកិច្ចពីការដោះស្រាយ !

ចែករំលែក៖

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី៣១ខែសីហានេះ បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលសំណើរួមគ្នារបស់គណបក្សនយោបាយចំនួន ៤ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រួចមក លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារ គ.ជ.ប ដើម្បីទទួលជួបតំណាងគណបក្សនយោបាយចំនួន ៤ ដែលមានបំណងបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។  

សូមបញ្ជាក់ថា, ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយបានលើកឡើងចំនួន ១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ជាការឆ្លើយតប ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះដែលស្នើរមកគ.ជ.បនោះ គឺមិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ ពោលគឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ សម្រាប់ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។

ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំង ៤ បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូនថ្នាក់ដឹកនាំរបស់គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្លម្អស្របទៅតាមច្បាប់​។ 

សូមជម្រាបជូនថា, បើយោងតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ទទួលបាននៅ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប អនុញ្ញាតឱ្យ តំណាងគណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សកែទម្រង់កម្ពុជាដើម្បីចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។

ការអនុញ្ញាតឱ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើរបស់គណបក្សនយោបាយទាំង បួនខាងលើ ដែលសុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅ កម្ពុជា។

សូមជម្រាបជូនថា សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន  ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំង មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន។ ទីបំផុត ! គណបក្សនយោបាយចំនួន៤ ស្នើរ១៧ចំណុចមក គ.ជ.ប មួយចំនួនហួសដែនសមត្ថកិច្ចពីការដោះស្រាយ ! 

ដោយ ៖ សិលា


ចែករំលែក៖