ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តទៅប៉ះរថយន្តមួយគ្រឿងមិនឈប់ទទួលខុសត្រូវ រួចបន្តបើករថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តទៅប៉ះរថយន្តគេរងការខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយទេ បានបន្តបេីករត់ទៅប៉ះម៉ូតូមួយគ្រឿងទៀតបង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្តបង្កយកទៅខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1835 ដែលរថយន្តខាងលេីបានប៉ះគ្នាជាមួយរថយន្តគេមួយគ្រឿងទៀតមិនចាំម៉ាកនៅចំណុចផ្លូវម៉ៅសេទុង រួចមិនព្រមឈប់ចរចាគ្នាទេ បានបេីកមកដល់ចំណុចម្តុំភោជនីយដ្ឋានឡៅទីហ្វាង ក៏បានប៉ះជាមួយម៉ូតូម៉ាក វីវ៉ាណា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JI-6557 រួចសមត្ថកិច្ចឱ្យសម្របសម្រួលគ្នា តែដោយសារម្ចាស់រថយន្តព្រូសមិនព្រមសហការជាមួយសមត្ថកិច្ច ទេីបសមត្ថកិច្ចបង្ខំចិត្តឃាត់ខ្លួនបុរសម្នាក់នោះតែម្តង។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានបញ្ចូនបុរសជាម្ចាស់រថយន្តបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖