ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស្រីលង្កា វិលត្រឡប់ចូលប្រទេសវិញហើយ ក្រោមការការពារសន្តិសុខយ៉ាងតឹងតែង

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីស្រីលង្កាបានឲ្យដឹងថា អតីតប្រធានាធិបតី ស្រីលង្កាលោក Gotabaya Rajapaksa បានវិលត្រឡប់ចូលប្រទេសវិញហើយ នៅព្រឹកថ្ងៃទី ៣ខែកញ្ញា ដោយមានការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។តាមច្បាប់ធម្មនុញ្ញស្រីលង្កា កម្លាំងសន្តិសុខមានតួនាទីការពារដល់អតីតប្រធានាធិបតី ។
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានធ្វើដំណើរទៅដល់គេហដា្ឋនរបស់លោកក្នុង រដ្ឋធានីកូឡុំបូវិញហើយ នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ក្រោយរយៈពេលជិត២ខែ ដែលលោករត់ភៀសខ្លួនចេញពីប្រទេស ចំពោះមុខវិបត្តិសេដ្ឋកិច្ច និងបាតុកម្មតវ៉ា ទាមទារឱ្យលោកលាលែងចេញពីតំណែង។
លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី បន្ទាប់ពីក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់នៅសិង្ហបុរី ហើយក្រោយមក បានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោកបានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ គឺលោក Ranil Wickremesinghe ដើម្បីជួយសម្រួលឱ្យលោកបានត្រឡប់ចូលស្រុកវិញ។
មកទល់នឹងពេលនេះ លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា មិនទាន់បានពន្យល់ដោយផ្ទាល់មាត់ថាតើហេតុអ្វីបានជាលោកភៀសខ្លួន ចេញពីប្រទេសកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅនេះនោះទេ ហើយក៏មិនបានបញ្ជាក់ថាតើហេតុអ្វីបានជាសម្រេចចិត្តត្រឡប់ចូលស្រុកវិញ នោះដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖