ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ យុវជនជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម ​និងប្រវត្តិសាស្ដ្រឱ្យបានច្បាស់​ ហើយ​កុំភ្លេចគុណតម្លៃ និងការលះបង់របស់ចាស់ៗ មិនថាក្នុងកីឡា ឬនយោបាយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ បានមានប្រសាសន៍ថា៖ ក្នុងនាមយុវជន មិនត្រូវបំភ្លេចគុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ឬព្រឹទ្ធាចារ្យជំនាន់មុនឡើយ មិនថាក្នុងវិស័យកីឡា ឬក្នុងនយោបាយ ឬក្នុងអ្វីឡើយ ​អ្វីៗដែលមានសព្វថ្ងៃ ក៏ដោយសារយុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ននេះដែរ ។​ ការថ្លែងបែបនេះ​របស់​លោក ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញចូលរួមប្រកួតទាត់លក្ខណៈមិត្តភាពដណ្ដើមពានរង្វាន់ និងបើករដូវកាលថ្មី នៃក្លិបបាល់ទះវ័យចាស់ ប៉េង ហួត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងនោះ​ក៏មានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន រួមជាមួយមន្ដ្រី ពិសេស​អតីតកីឡាករជម្រើសជាតិជាច្រើនផងដែរ ។

លោក ហ៊ុន ម៉ានី ក៏បានចាត់ទុកការប្រកួតនេះ គឺជាឱកាសជួបជុំប្រកបដោយអត្ថន័យ ដែល​បង្ហាញ​ពីស្មារតី និងទឹកចិត្ត សាមគ្គីភាព ដែលលើសពីការលេងកីឡាដើម្បីសុខភាព ដោយ​មិនប្រកាន់វ័យ ពិសេសគឺការប្រមូលផ្ដុំអតីតកីឡាករជម្រើសជាតិជំនាន់មុន ​ដែលបានចូលនិវត្តន៍ ដើម្បីបាន​ចូលរួមប្រកួតលក្ខណៈមិត្តភាពនេះ ។

ឆ្លៀតឱកាសនោះ លោក​ ហ៊ុន​ ម៉ានី​ បានផ្ញើសារមួយចំនួន ដល់យុវជនបច្ចុប្បន្ន ក៏ដូចជាយុវជន​ជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម ​និងប្រវត្តិសាស្ដ្រឱ្យបានច្បាស់ ​ហើយមានកត្ដាមួយ ដែល​ត្រូវចង់ចាំ គឺកុំភ្លេចគុណតម្លៃរបស់អ្នកជំនាន់មុន ​ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយជាំព្រឹទ្ធាចារ្យ ដែល​បានលះបង់ច្រើនណាស់ ដើម្បីភាពរីកចម្រើនដូចសព្វថ្ងៃ មិនថា ក្នុងកីឡា ឬនយោបាយនោះទេ ។

ទន្ទឹមជាមួយការកៀរគរអតីតកីឡាករចាស់ៗ មកចូលរួមប្រកួតលក្ខណៈមិត្តភាព ​នៅក្លិបបាល់ទាត់ ប៉េង ហួត នេះដែរ លោក សោម រ៉ន ហៅ គ្រូមាំង បានសម្ដែងនូវសេចក្ដីត្រេកអរ​ និងរីករាយជាខ្លាំង ដែល​មានឱកាសជួបជុំ និងសប្បាយរីករាយ ​ពិសេសលោកបាន​រំឭក​ដល់គុណបំណាច់របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដែលធ្វើឲ្យប្រទេសមានសុខសន្ដិភាព និងមានឱកាសលេងកីឡា ដើម្បីសុខភាព ​និងរឹតចំណងមិត្តភាព សាមគ្គីភាព បែបនេះ ។

គួររម្លឹកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់​ពី​បញ្ចប់ការប្រកួតមិត្តភាព ​ដណ្ដើមពានរង្វាន់ ​និងបើករដូវកាលថ្មីនេះ​ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​ក្នុងនាមប្រធានក្រុមបាល់ទាត់ ប៉េង ហួត​ នឹងរៀបចំ​ឲ្យមានការប្រកួតរៀងរាល់ខែ ដើម្បីរឹតចំណងមិត្តភាព​ សាមគ្គី​ភាព និងទទួលបានសុខភាពល្អផង ​និងជាប្រមូលផ្ដុំជួបជុំ រវាង​កីឡាករចាស់ៗ ​ដែលជាអតីតកីឡាករជម្រើសជាតិជំនាន់មុនផង៕

ដោយ​៖សហការី​


ចែករំលែក៖