ខេត្តព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធាន គណៈកម្មការអន្តរក្រសួង លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពក្មុងខេត្តព្រះសីហនុ។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំ ដែលទាក់ទងនឹងសកម្មភាពការងាររៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងសន្និបាតក្លឹប ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ គឺដើម្បីត្រួតពិនិត្យវាយតម្លៃពីតួនាទីភារកិច្ច តាមគណ:កម្មការនីមួយ។
រដ្ឋបាលខេត្តមានតួនាទីជាអ្នកសម្របសម្រួល និងជាម្ចាស់ផ្ទះ ក្នុងការរៀបចំបុណ្យសមុទ្រ និងសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត ដោយសារថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើនអភិបាលរងខេត្ត ដើម្បីរួមគ្នាទទួលខុសត្រូវរៀបចំគ្រប់គ្រង ពិសេស ការរៀបចំបុណ្យសមុទ្រ និងសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នៅពេលខាងមុខ។ យើងមានកិច្ចការពីរលើកយកមកពិភាក្សា និងត្រូវអនុវត្តន៍នាពេល ខាងមុខដូចជា៖ ទី១.ការងារសម្តែងសិល្បៈ ,ទី២.ទាក់ទងកម្មវិធីកម្សាន្ត នៃពិធីអបអរ សាទរបុណ្យសមុទ្រ។ ទន្ទឹមនោះខេត្តចង់បង្កើតឱ្យមានកម្មវិធីស្ទូចត្រី ដើម្បីទាញយក ស្រូបយក និងបង្ហាញពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងកម្មវិធីបុណ្យសមុទ្រ និងមាន កម្មវិធីកីឡាផ្សេងៗដើម្បីឱ្យកិច្ចដំណើរការរៀបចំបុណ្យសមុទ្រ និងសន្និបាតក្លឹបឆ្នេរសមុទ្រ ស្អាតរបស់យើងបានសមស្រប ផ្សារភ្ជាប់នឹងការសំអាតអនាម័យ បរិស្ថាន និងមានការរៀបចំ ពិព័រណ៍ផលិតផលក្នុងស្រុក ការដាក់បង្ហាញពីសមិទ្ធផល និងសក្តានុពលខេត្តតំបន់ឆ្នេរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ស្នើសុំគណៈកម្មការ ត្រូវរៀបចំស្តង់ពិព័រណ៍ VIP ៥០ស្តង់ និងស្តង់របស់ខេត្តចំនួន ៣០០ស្តង់ ក្នុងនោះត្រៀមដូចជាទឹក ភ្លើង ឱ្យបានរួចរាល់ជាមុន ដើម្បីយើងធ្វើការវាយតម្លៃអំពីវឌ្ឍនភាពអ្វីដែលយើងធ្វើបាន ហើយអ្វីដែលនៅសេសសល់ ដើម្បីបំពេញបន្ថែមនៅពេលខាងមុខ។
ដោយឡែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពនូវ ប្រសាសន៍លើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំចំពោះបញ្ហា អនាម័យ បរិស្ថានខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មានភាពល្អស្អាត។ កម្មវិធីបុណ្យសមុទ្រ និងសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោកឆ្នាំ២០២២ ក៏មានកម្មវិធីកីឡាជា ច្រើនប្រភេទមានដូចជា កីឡាម៉ូតូទឹក កីឡាទូកក្តោង កីឡាបាត់ទះ បាល់ទាត់ លើឆ្នេរខ្សាច់ និងមានកីឡាផ្សេងៗទៀត ក្នុងនោះយើងត្រូវមានចលនាមហាជនចូលរួមលេងកីឡាឱ្យ បានផុលផុស ដើម្បីបញ្ចៀសការសេពគ្រឿងញៀន។
កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលម្ហូបអាហារ ផលិតផលកែច្នៃ ផលិតផលវេចខ្ចប់ការនាំចេញ ដើម្បីធ្វើការពិភាក្សាលម្អិតលើកម្មវិធីព្រៀង នៃការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ក្នុងការរៀបចំបុណ្យសមុទ្រ គឺផ្តោតសំខាន់ទៅលើពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍តំបន់សមុទ្ររបស់កម្ពុជា ។ យើងក៏ចង់បង្ហាញពី ផលិតផលក្នុងស្រុក នៃតំបន់ឆ្នេររបស់យើងតាមគន្លងប្រក្រតីភាពថ្មី នៃការរាតត្បាតនៃ ជំងឺកូវីដ១៩ បច្ចុប្បន្នកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ដោយសាររាជ រដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដែល មានអាយុចាប់ពី៣ឆ្នាំឡើង នៅទូទាំងប្រទេស ។
លោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការណែនាំឱ្យគណៈកម្មការ នីមួយៗត្រូវត្រួតពិនិត្យ រៀបចំពិព័រណ៍ម្ហូបអាហារ និងស្តង់ឱ្យមានលក្ខណស្តង់ដារ ព្រោះប្រជាពលរដ្ឋចូលរួមមកពីបណ្តាខេត្តនានានៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋមក លេងបុណ្យសមុទ្រមានពីរដូចជា៖ ទី១.ការហូបចុក និងទី២.ការស្នាក់នៅ ទាមទារឱ្យយើងត្រូវគិតគូរត្រៀមទុកជាមុន៕
ដោយ៖សហការី