ព័ត៌មានទាន់ហេតុការណ៍៖

វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះច្រើនលើកច្រើនសាពេក ម្ដាយទ្រាំពុំបានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយ ដោយសារតែជនសង្ស័យរូបនេះបន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះច្រើនលើកច្រើនសា។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នុត ស្រី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង  ខេត្តកណ្ដាល (ត្រូវជាម្តាយបង្កេីត)។ ជនសង្ស័យឈ្មោះ ថន រស្មី ហៅស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល ត្រូវជាកូនបង្កេីត(ធ្លាប់ត្រូវបានឪពុកម្តាយយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំនៅរាជធានីភ្នំពេញរយៈពេល០៦ខែ។

ប្រភពដដែលបន្តថា កន្លងមកឱ្យតែជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួចតែងតែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនិងគំរាមកំហែងរកកាប់សម្លាប់ស្ត្រីជាម្តាយជាញឹកញាប់។

.   នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចបានបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ខណៈនោះជនរងគ្រោះក៏បានស្ដីប្រដៅណែនាំធ្វើឱ្យជនសង្ស័យខឹងនឹងជនរងគ្រោះក៏បានស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះហើយគំរាមរកដុតផ្ទះចោលទៀត។ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យជួយធ្វើអន្តរាគមន៍ ហើយកម្លាំងសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖