ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២២ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ដែលទើបនឹងសាងសង់រួច។ កីឡដ្ឋាននេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយចំណាយថវិកាអស់៣,៥លានដុល្លារ ស្ថិតនៅភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកមុខអ្នកការ មន្ត្រីរាជការ សសយក យុវជនស្ម័គ្រចិត្តកាកបាទក្រហម លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ: លោកឧបនាយករដ្ឋមន្រ្តីបានកោតសរសើរនូវគំនិតផ្ដួចផ្ដើមសាងសង់នូវកីឡដ្ឋានដែលជាសមិទ្ធផលដ៏ថ្មីសន្លាងរបស់ខេត្តកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីមួយពុំធ្លាប់មានកន្លងមក។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកូនក្មួយសិស្សានុសិស្សចូលរួមថែរក្សាពហុកីឡដ្ឋាននេះជាសម្បត្តិរួមសម្រាប់យើងទាំងអស់គ្នា ៕
ដោយ៖ សូរិយា