ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងត្រូវបានកម្លាំងអន្តរាគមន៍ ផ្នែកសឹករងម៉ាឡៃជួយសង្គ្រោះយកទៅទីទួលមានសុវត្តិភាពនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
យោធាប្រចាំនៅទីនោះបានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ទាវ ភារម្យ បានដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយកម្លាំងវរសេនាតូចលេខ៥១១ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥គ្រួសារនិងជញ្ជូនសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋទាំងនោះទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យោធារួបនោះបានឱ្យដឹងបន្តទៀតបន្តថា ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់បន្តបន្ទាប់ធ្វើឱ្យបណ្ដាភូមិមួយចំនួនរងផលប៉ះពាល់ ហើយការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះមិនមែនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋនោះឡើយគឺបានប៉ះពាល់ដល់ផលដំណាំជាច្រើនរបស់ពលរដ្ឋផងដែរ៕
ដោយ ៖ វណ្ណា